ថ្ងៃព្រហស្បតិ៍ ០៥-ធ្នូ-២០២៤ ០៩:១៤:៣៧ ព្រឹក

អគ្គស្នងការនគរបាលជាតិ ដាក់ឱសានវាទត្រឹមថ្ងៃទី១០ធ្នូ ឱ្យអ្នកផ្សព្វ ផ្សាយល្បែងស៊ីសង ធ្វើការលុបចោលពីបណ្តាញសង្គម

អគ្គស្នងការនគរបាលជាតិ ដាក់ឱសានវាទត្រឹមថ្ងៃទី១០ធ្នូ ឱ្យអ្នកផ្សព្វ ផ្សាយល្បែងស៊ីសង ធ្វើការលុបចោលពីបណ្តាញសង្គម

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីបានទទួលបានសារាចរណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពី​ការ​បញ្ឈប់​សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ បានចេញបទបញ្ជាដោយ ទុករយៈ​ពេល​កំណត់​ត្រឹម​ថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធ​ផ្សព្វ​ផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន ធ្វើការលុប​ចោល​ព័ត៌មាន​ល្បែង​អនឡាញពីបណ្តាញសង្គម ក្នុងករណី ចំពោះបុគ្គលណា​ដែល​នៅបន្ត​ប្រព្រឹត្ត​សកម្មភាព​ខុស​ច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់​វិធាន​ការ​តាម​ផ្លូវ​។

អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ សូមធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន បញ្ឈប់​សកម្មភាព​ផ្សព្វ​ផ្សាយ​ល្បែង​ស៊ីសងខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព​សង្គម​។

ផ្អែកតាមសារាចរណែនាំលេខ ០៧២ សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ​២០២៤ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ បាន​ណែនាំ​ចំនួន​០៥​ចំណុច​ មានដូចក្នុងខ្លឹមសាររបស់សារាចរណែនាំ៕