រថយន្តដឹកលើសទម្ងន់ចំនួន ០៦ គ្រឿង ត្រូវបានពិន័យ ក្នុងនោះឃាត់រក្សាទុក ១ឆ្នាំ ចំនួន ០៥គ្រឿង នៅចំណុច ០៣ទីតាំងផ្សេងៗគ្នា ក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកណ្តាល
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ ៣ទីតាំងផ្សេងៗគ្នាទទួលបានលទ្ធផល ដូចខាងក្រោម៖
- ផ្លូវជាតិលេខ៨ ស្រុកពារាំង ខេត្តព្រៃវែង ត្រួតពិនិត្យយានយន្តចំនួន ០ ៣គ្រឿង ក្នុងនោះដឹកលើសទម្ងន់កម្រិតកំណត់ទាំង ០៣គ្រឿង មានពាក់ឡូហ្គោ TH ដឹកស្រូវ ផ្ទុកទម្ងន់សរុបចន្លោះពី ៤៨តោន ដល់ ៦៥តោន គិតជាភាគរយគឺលើសចន្លោះពី ៥៥% ដល់ ៩២% ដែលច្បាប់អនុញ្ញាត។
- ផ្លូវជាតិលេខ១ ក្រុងបាវិត ខេត្តស្វាយរៀង បានត្រួតពិនិត្យយានយន្តចំនួន ០១គ្រឿង ដឹកស្រូវ ផ្ទុកទម្ងន់សរុបចំនួន ៣៨តោន គិតជាភាគរយគឺលើសជាង ២៦% ដែលច្បាប់អនុញ្ញាត។
- ផ្លូវជាតិលេខ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រួតពិនិត្យយានយន្តចំនួន ០២គ្រឿង លើសទម្ងន់ទាំង ០២គ្រឿង មានពាក់ឡូហ្គោ SSP ដឹកខ្សាច់ ផ្ទុកទម្ងន់សរុបចន្លោះពី ៤៧តោន ដល់ ៥៥តោន គិតជាភាគរយគឺលើសចន្លោះពី ៥៦% ដល់ ៨៣% ដែលច្បាប់អនុញ្ញាត។
សរុបលទ្ធផលនៅក្នុងយុទ្ធនាការត្រួតពិនិត្យយានយន្តទាំង ០៣ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ០៦គ្រឿង លើសទម្ងន់កម្រិតកំណត់ទាំង ០៦គ្រឿង ផ្ទុកទម្ងន់សរុបចន្លោះពី ៣៨តោន ដល់ ៦៥តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ០៨តោន ដល់ ២៥តោន គិតជាភាគរយគឺលើសចន្លោះពី ២៦% ដល់ ៩២% ដែលច្បាប់អនុញ្ញាត។ ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ចំនួន ០៥គ្រឿង(លើសពី ២០% នៃច្បាប់អនុញ្ញាត) ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ ។ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារផ្លូវថ្នល់មិនឲ្យមានការខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នករួមដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។ ក្រសួង នឹងបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕