តំណាងរាស្រ្តមណ្ឌលរតនគិរី ផ្សព្វផ្សាយសេចក្តីសម្រេចអង្គសមាជរបស់រដ្ឋសភា ព្រឹទ្ធសភា
ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចអង្គសមាជរបស់រដ្ឋសភា ព្រឹទ្ធសភា។ កិច្ចប្រជុំបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារBសាលាខេត្ត ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកលោកស្រីប្រធានមន្ទីរមួយចំនួនរួមមាន៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត. មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត. មន្ទីរអប់រំ យុវជន និងកីឡាខេត្ត. មន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទាខេត្ត. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត. មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត. មន្ទីរកិច្ចការនារីខេត្ត. មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត. មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត. មន្ទីរអធិការកិច្ចខេត្ត. មន្ទីរពាណិជ្ជកម្មខេត្ត និងសាខាបេឡាជាតិសន្តិសុខសង្គមខេត្ត។
ក្នុងឱកាសនេះ ឯកឧត្តម គិត ទ្រី បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងវាងវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា ។
អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលបានប្រារព្ធធ្វើ ឡើងនៅវិមានរដ្ឋសភា រយៈពេល២ថ្ងៃ គឺនៅថ្ងៃ២ និងទី៣ ខែមិថុនាឆ្នាំ២០២៥ ដោយចំណាយពេលវេលា ប្រមាណ ២៨ម៉ោង ក្នុងការប្រជុំពិភាក្សា បានសម្រេចលទ្ធផលជាទីមោទនៈក្នុងការលើកកម្ពស់ឧត្តមប្រយោជន៍ របស់ជាតិនិងប្រជាពលរដ្ឋ ដោយបានពិភាក្សាផ្តល់យោបល់លើប្រធានបទចំនួនបីរួមមាន ប្រធានបទអំពីប្រព័ន្ធ គាំពារសង្គម ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទអំពីវិស័យកសិកម្ម ដោយបានអនុម័តសេចក្តី សម្រេចចំនួនបី ទាក់ទងនឹងប្រធានបទខាងលើ ទុកជាឯកសារគតិយុត្ត មានតម្លៃខ្ពស់បំផុតក្នុងការគាំទ្រ លើក កម្ពស់ប្រសិទ្ធភាព ការអនុវត្តយុទ្ធសាស្ត្រគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រេចបាននូវចក្ខុវិស័យ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ឯកឧត្តម បន្តថា សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការបើកសម័យប្រជុំរួមគ្នារបស់ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្នុងការពិភាក្សាដេញដោលលើការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការទទួលខុសត្រូវ លើការអនុវត្តភារកិច្ចរបស់ ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធឆ្លើយតបនឹងបំណង ប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។
សូមជម្រាបថា សមាជរដ្ឋសភា និងព្រឹទ្ធសភា មានសមាជិក ១៨៧រូប ក្នុងនោះសមាជិកព្រឹទ្ធសភាចំនួន៦២ រូប និងសមាជិករដ្ឋសភាចំនួន១២៥រូប។ សមាជិកអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលជាសមាជិកព្រឹទ្ធសភាទាំង៦២រូប គឺ ៥៥រូប ជាសមាជិក ជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ៣រូប ជាសមាជិកជាប់ឆ្នោតមកពីគណបក្សឆន្ទៈខ្មែរ ២អង្គជាតំណាង មកពីព្រះបរមរាជវាំង និង២រូប បោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា។ ចំណែកសមាជិកអង្គសមាជ ដែលជា សមាជិករដ្ឋសភាទាំង១២៥រូប គឺ ១២០រូប ជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និង៥អង្គ/រូប ជា តំណាងរាស្ត្រមកពីគណបក្សហ៊្វុនស៊ិនប៉ិច។
មុនផ្តើមប្រជុំតាមរបៀបវារៈ អង្គសមាជ បានឯកភាពគ្នាជាឯកច្ឆន្ទ ចេញសេចក្តីថ្លែងការណ៍គាំទ្រ យន្តការ ដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ជាមួយប្រទេសថៃតាមរយៈការទូត ការចរចា ស្វ័យការពារខ្លួន និងប្រើប្រាស់ច្បាប់អន្តរជាតិ អង្គសមាជគាំទ្រពេញទំហឹង ចំពោះការនាំយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) “ដើម្បីពន្លត់ភ្លើងឱ្យរលត់តែម្ដង ជាជាងអង្គុយបក់ផ្សែង”៕