សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីភាពបើកវេទិកាស្ត្រីជាសហគ្រិ នេះជាលើកដំបូងហើយសម្រាប់កម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ (ASEAN WOMEN ENTREPRENEUR NETWORK &AWEN Award)។
វេទិកានេះ ជាឱកាសល្អមួយសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យកម្សាន្តនៅកម្ពុជា។
ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាកាតាលីករ ក៏ដូចជា Platform អន្តរជាតិដ៏សំខាន់មួយសម្រាប់ចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងជាការគាំទ្រយ៉ាងសំខាន់ ទៅដល់គោលនយោបាយអាស៊ាន និងអន្តរជាតិ នៅក្នុងការលើកកម្ពស់ និងជំរុញសក្តានុពលរបស់ស្ត្រី នៅក្នុងវិស័យជំនួញនានា ដើម្បីការរីកចម្រើនលូតលាស់ទៅលើសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម ប្រកបដោយចេរភាព និងវឌ្ឍនភាព។
វេទិកាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីសហគ្រិនកម្ពុជា និងសហគ្រិនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានប្រមាណជាង៣០០នាក់។
កម្មវិធី ASEAN Women Entrepreneurs Network Award (AWEN Award) ត្រូវបានបង្កើតឡើង ក្នុងគោលបំណងតំណាងឱ្យស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់ នៅក្នុងរដ្ឋជាសមាជិកអាស៊ានដោយផ្ដោតទៅលើ៖ ការបង្កើតវេទិកាក្នុងតំបន់, ការគាំទ្រសហគ្រិនស្ត្រីអាស៊ាន ឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង, ផ្តល់ឱកាសឲ្យសហគ្រិនទាំងនេះ បង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ, បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានា ឱ្យទទួលបានជោគជ័យ។ ចំណែក AWEN Award Night គឺជាព្រឹត្តិការណ៍មួយ ដែលបានបង្កើតឡើងដោយ AWEN «ASEAN WomenEntrepreneur Network» តាំងពីឆ្នាំ២០១៥មក ដែលក្នុងនោះសហគ្រិនស្ត្រីឆ្នើមអាស៊ាន បានទទួលពានរង្វាន់ជាច្រើន៕
ក្រសួងព័ត៌មាន