ឯកឧត្តម ញ៉ែម សំអឿន ដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្តល់ការណែនាំការរៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើង នៅសាលប្រជុំអគារBសាលាខេត្តរតនគិរី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។
ឯកឧត្តម អភិបាលខេត្តបាន ស្នើអោយគ្រប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ-អង្គភាពជំនាញ គ្រឹះស្ថាន សាធារណៈ និងឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេត្ត រួមគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ ដែលខ្លួនមាន នាវេលាម៉ោង ៩:០៩នាទីព្រឹក នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ អង្គភាព មន្ទីរ ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា សាលារៀនរដ្ឋ និងឯកជន និងទីប្រជុំ សហគមន៍ ឱ្យបានកុះករ ក្លៀវក្លា និងអធិកអធម។ត្រូវបំផុសចលនាមហាជន ឱ្យចូលរួមអបអរសាទរពិធីនេះឱ្យបានច្រើនកុះករ និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ ជាពិសេសតាមបណ្តាញសង្គម៕