កីឡាបាល់ទាត់កម្ពុជាចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតដណ្តើមពានរង្វាន់កីឡាបាល់ទាត់មិត្តភាពឥណ្ឌូចិន ឆ្នាំ២០២៤នៅទីលាននាខេត្តអ៊ូប៊ុនរាចថានី
អ៊ូប៊ុនរាចថានី -ថៃ :
កីឡាបាល់ទាត់កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតដណ្តើមពានរង្វាន់កីឡាបាល់ទាត់មិត្តភាពឥណ្ឌូចិន ឆ្នាំ២០២៤ (មហាជន អាយុពី៤៥ឆ្នាំឡើងឬU 45) នៅទីលាននាវាលស្មៅធម្មជាតិនៃសាកលវិទ្យាល័យអ៊ូប៊ុនរាចថានី រាចផាត់ ខេត្តអ៊ូប៊ុនរាចថានីប្រទេសថៃ ភាគឦសាន កាលពីព្រឹកថ្ងៃឣាទិត្យទី២១ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ។
អ្នករៀបចំការប្រកួតនេះបានអោយដឹងនាថ្ងៃទី២២ខែកក្កដាថា: ក្រុមបាល់ទាត់វ័យចាស់កងយោធពលខេមរភូមិន្ទ(ខភម) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បានចូលរួមប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់មិត្តភាព " ប្រទេសក្នុងតំបន់ឥណ្ឌូចិន ឆ្នាំ២០២៤ " ឬThe Indochina Friendship Football Cup 2024 ដែលរៀបចំឡើងនៅខេត្តអ៊ុប៊ុនរ៉ាចថានី ប្រទេសថៃ ។
លើទីលានវាលស្មៅធម្មជាតិ ស្ថិតក្នុងសកលវិទ្យាល័យ អ៊ូប៊ុនរាចថានី រាចផាត់ កាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃឣាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមបាល់ទាត់វ័យចាស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ជួបប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមកីឡាករខេត្តណាន ប្រទេសថៃ ។
ជាលទ្ធផលក្រុមបាល់ទាត់វ័យចាស់កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជាទទួលបាន(១) ចំណែកក្រុមកីឡាករ ខេត្តណាន ប្រទេសថៃ(០) ពោលគឺកីឡាករវ័យចំណាស់កម្ពុជាឈ្នះកីឡាករវ័យចំណាស់ថៃ ១-០។
លុះដល់ល្ងាចថ្ងៃ ខែ ឆ្នាំដដែល ក្រុមបាល់ទាត់វ័យចាស់កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា នឹងជួបប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយក្រុមកីឡាករមកពីប្រទេសឡាវ ដើម្បីដណ្ដើមជ័យលាភីលេខ១ និងលេខ២ ។
ជាលទ្ធផលកីឡាករបាល់ទាត់កម្ពុជា(ក្រុមបាល់ទាត់វ័យចាស់កងយោធពលខេមរភូមិន្ទ) ទទួលបានចំណាត់ថ្នាក់លេខ១ ឯក្រុមកីឡាករមកពីប្រទេសឡាវ ទទួលបានចំណាត់ថ្នាក់លេខ២ ។
នាឱកាសនៃការប្រកួតនោះ ក៏បានការចូលរួមគាំទ្រ(Fan)ពីពលរដ្ឋថៃ ពលរដ្ឋថៃពូជពង្សខ្មែរនិងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅខេត្តអ៊ូប៊ុនរាចថានី ប្រទេសថៃផងដែរ ។
គួរបញ្ជាក់ដែរថា នោះជាការប្រកួតវិលជុំ នៃការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពឥណ្ឌូចិនឆ្នាំ២០២៤ ប្រព្រឹត្តទៅ២ថ្ងៃចុងសប្តាហ៍គឺថ្ងៃសៅរ៍ អាទិត្យ ទី២០-២១ ខែកក្កដាឆ្នាំ២០២៤ នាខេត្តអ៊ូប៊ុនរាចថានី ដោយមានកីឡាករវ័យចាស់អាយុចាប់ពី៤៥ឆ្នាំឡើងឬU-45 មកពីប្រទេសកម្ពុជា ឡាវ វៀតណាមនិងថៃជាម្ចាស់ផ្ទះ ។
សូមរំលឹកដែរថា កន្លងមកក្រុមកីឡាបាល់ទាត់កម្ពុជា ក្នុងនោះមានក្រុមកីឡាបាល់ទាត់វ័យចំណាស់ខេត្តបន្ទាយមានជ័យដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីបោន ហ៊ិនផងដែរ តែងបានចូលរួមប្រកួតតាមខេត្ត រាជធានីក្នុងប្រទេសនិងចេញទៅប្រកួតក្រៅប្រទេស ជាមួយក្រុមកីឡាបាល់ទាត់បរទេសនានាក្នុងបំណងលើកកម្ពស់វិស័យកីឡាបាល់ទាត់និងដើម្បីសុខភាព មិត្តភាព សាមគ្គីភាព សន្តិភាព សហប្រតិបត្តិការ ហើយនិយាយថាទេពីគ្រឿងញៀន...ជាដើម ៕