ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយអំពីខ្លឹមសារសំខាន់ៗមួយចំនួននៃលិខិតបទដ្ឋានគតិយុទ្ធនានា
កោះកុង÷ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាផ្សព្វ ផ្សាយអំពីខ្លឹមសារសំខាន់ៗមួយចំនួន នៃលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ នៅសាលមហោ ស្រពខេត្តកោះកុង។
ថ្លែងក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា÷ ពិធីបិទសិក្ខាសាលាថ្ងៃនេះ ដោយបានធ្វើបទបង្ហាញនូវខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សេចក្តីសម្រេច ស្តីពីបែបបទ និងនីតិវិធីនៃការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹង និងសេចក្តីណែនាំស្តីពីរបៀប របបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ជូនក្នុងអង្គសិក្ខាសាលារយៈពេលមួយព្រឹក។
ឯកឧត្តមប្រធានក្រុមប្រឹក្សា ថ្លែងបន្ថែមថា ការដាក់ឱ្យដំណើរការអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ព្រមទាំងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ គឺជាការអនុវត្តនូវកម្មវិធីកំណែ ទម្រង់ស៊ីជម្រៅ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីអនុវត្តការងារដោយផ្ទាល់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់មូលដ្ឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។ យន្តការការិយាល័យប្រជាពលរដ្ឋ ជាយន្តការឯករាជ្យមួយ ត្រូវបានរៀបចំឡើងនៅថ្នាក់រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ដែលមានតួនាទីសម្រាប់ធ្វើការសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធាណៈ និងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការអនុវត្តយន្តការនេះកន្លងមក ពិតជាទទួលបាននូវការគាំទ្រពីស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការជឿទុកចិត្តពីប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម ថុង ណារ៉ុង បានលើកឡើងទៀតថា÷ ការផ្សព្វផ្សាយខ្លឹមសារសំខាន់ៗចំនួន០៣ នៃលិខិតបទដ្ឋានគតិយុត្តនានា ដូចខាងក្រោម៖
-អនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃ០៨ ខែកុម្ភៈ ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
-សេចក្តីសម្រេចលេខ ៧៦១៩ សសរ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត
-សេចក្តីណែនាំលេខ ០០៧ សណន ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត។
ហេតុដូច្នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាទាំងអស់ ពិតជាបានយល់ច្បាស់ អំពីរចនា សម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច សិទ្ធិអំណាច របៀបរបបធ្វើការងារ បែបបទ និងនីតិវិធីនៃការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ ជាក់ជាមិនខានឡើយ ហើយខ្ញុំក៏សង្ឃឹមទៀតថា ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ នៅពេល ត្រឡប់ទៅវិញនឹងជួយផ្សព្វផ្សាយបន្ត ជូនដល់ក្រុមគ្រួសារ បងប្អូន នឹងប្រជាពលរដ្ឋដទៃទៀតផងដែរ ដើម្បីជាការរួមចំណែកក្នុងការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ឱ្យកាន់តែមានប្រសិទ្ធ ភាព។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បានផ្តល់អនុសាសន៍ និងសំណូមពរមួយចំនួន ដូចខាងក្រោម៖
១.ចំពោះការយាល័យប្រជាពលរដ្ឋខេត្ត
-បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងសាធារណៈជន អំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន។
-ត្រូវរៀបចំយន្តការចំបាច់នានាពាក់ព័ន្ធនឹងដំណើរការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹង រដ្ឋបាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់
-ត្រូវចាត់វិធានការដោះស្រាយបណ្តឹងក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យបានឆាប់បំផុត ដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ និងសាធារណៈជន
-ត្រូវផ្តល់ព័ត៌មានត្រឡប់អំពីលទ្ធផល នៃការដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋ និងសាធារណៈជន ក្រោយពេលបញ្ចប់ការដោះស្រាយភ្លាមៗ។
២.ចំពោះរដ្ឋបាលខេត្ត សូមឱ្យគណៈអភិបាលខេត្ត ជាពិសេស លោកជំទាវនៃគណៈអភិបាលខេត្ត សូមបន្តជួយគាំទ្រផ្នែករដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ និងការគាំទ្រដទៃទៀតដល់ការិយាល័យប្រជាពលរដ្ឋខេត្ត ដើម្បីឱ្យដំណើការ នៃការអនុវត្តការងារបានល្អប្រសើរ។
៣.មន្ទីរអង្គភាពពាន់ព័ន្ធនានាជុំវិញខេត្ត ស្នើសុំឱ្យមានកិច្ចសហការ និងការចូលរួមពីបុគ្គលិកមន្ទីរអង្គភាពនានាជុំវិញខេត្ត នៅពេលដែល មន្ត្រីការិយាល័យប្រជាពលរដ្ឋខេត្ត ចុះសម្រុះសម្រួលដោះស្រាយបណ្តឹង ស៊ើបអង្កេតបណ្តឹង ពិគ្រោះយោបល់ និងស្នើសុំឯកសារពាក់ព័ន្ធនានា៕