អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលសារសំឡេងក្លែងក្លាយរបស់នារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកលុយក្នុងគណនីទូរស័ព្ទ
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលសារសំឡេងក្លែងក្លាយ ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់សាធារណៈជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារីដែលជាជនអនាមិកម្នាក់នោះ។ ខណៈការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យបាននោះឡើយ។ ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលប្រឌិតព័ត៌មានបំពុល នាំឲ្យប៉ះពាល់សន្ដិសុខជាតិបែបនេះ៕