ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៧:៥៨:៣៦ ល្ងាច

៥ខែដើមឆ្នាំ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២,៦ លាននាក់ កើនជាង ២២ ភាគរយ

៥ខែដើមឆ្នាំ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២,៦ លាននាក់ កើនជាង ២២ ភាគរយ

ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ភ្ញៀវអន្តរជាតិសរុបចំនួនជាង ២.៦ លាននាក់ បានមកទស្សនានៅប្រទេសកម្ពុជា កើនឡើង ២២ .១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ២.១លាននាក់។ 

របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងចំណោមទេសចរជាង ២.៦ លាននាក់ ទេសចរថៃឈរនៅ លំដាប់ លេខរៀងទី ១ មានចំនួន ៧៧ម៉ឺននាក់ កើន ៦,១ ភាគរយ វៀតណាមចំនួន ៥២ម៉ឺននាក់ កើនជិត៤០ ភាគរយ ចិន ៣២ម៉ឺនកើនជាង ៤០ ភាគរយ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្លាប់លើកឡើងថា នៅឆ្នាំ២០២៤នេះ ប្រទេស ចិន ឈរនៅលំដាប់ថ្នាក់ ទី៣ ជាប្រទេសដែលមានភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាក្នុងចំនួនច្រើន ហើយនៅតែបន្តកើនឡើង ក្នុងន័យនេះ អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ បានពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិន ពីចិនបានឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា កំណើនទេសចរចិន គឺជាកាលានុវត្តន៍ ដ៏សំខាន់ដែលមិនត្រឹម តែជំរុញនូវការអភិវឌ្ឍន៍វិស័យទេសចរណ៍ប៉ណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាស វិនិយោគក្នុង វិស័យផ្សេងៗ ដែលកម្ពុជា និងប្រទេសជាច្រើននៅលើពិភពលោក បានចាត់ទុកចិនជាដៃគូយុទ្ធសាស្រ្ត និងជាប្រភពទីផ្សារដ៏សំខាន់បំផុត សម្រាប់មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន។
បើតាមរបាយការណ៍ ប្រជាពលរដ្ឋចេញទៅកម្សាន្តនៅក្រៅប្រទេស មានចំនួនជាង ៧៤ម៉ឺននាក់ កើនឡើង៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

 AKP