សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និ អត្តសញ្ញាណកម្ម នៅខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និ អត្តសញ្ញាណកម្ម នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសមាគមស៊ីវិល មេឃុំ ចៅសង្កាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាល។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកសិក្ខាសាលាដោយគូសបញ្ជាក់ថា មន្ត្រីរបស់យើងមានដូចជា មេឃុំ ចៅសង្កាត់ ស្មៀន និងនគរបាលប៉ុស្តិ៍រដ្ឋបាលរបស់យើងត្រូវរួមគ្នាខិតខំយកចិត្តទុកដាក់បន្ត ដើម្បីគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា យើងត្រូវធ្វើការបេ្តជ្ញា និងតាំងចិត្តត្រៀមខ្លួនធ្វើកិច្ចការយ៉ាងណាក្នុងការដោះស្រាយបញ្ហាអត្តសញ្ញាណកម្មជូនបងប្អូនប្រជាពលរដ្ឋ។ ក្នុងនាមយើងជាមន្ត្រីមូលដ្ឋានដែលជាអ្នកទទួលខុសត្រូវសម្រាប់ប្រជាពលរដ្ឋរបស់យើង តម្រូវឱ្យមានឯកសារច្បាស់លាស់ មិនត្រូវទុកឱ្យប្រជា ជនរបស់យើងណាម្នាក់គ្មានឯកសារអត្តសញ្ញាណ បញ្ជាក់ពីកំណើតរបស់ខ្លួន និងអត្តសញ្ញាណកម្មនោះទេ ព្រោះរឿងទាំងអស់នេះយើងមានការជូរចត់ពីអតីតកាលដែលយើងបានឆ្លងកាត់សង្គ្រាមរួចមក ហើយឥឡូវនេះប្រទេសជាតិរបស់យើងមានសុខសន្តិភាពពេញលេញ មិនត្រូវទុកប្រជាជនយើងចោលទៀតដោយគ្នានឯកសារអត្ថសញ្ញាណប្រើប្រាស់ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចុះបញ្ជីរួចហើយ សូមរក្សាទុកឯកសារឱ្យបានត្រឹមត្រូវ សម្រាប់ការប្រើប្រាស់ ហើយសូមកុំចុះបញ្ជីថ្មីឡើងវិញដែលវាខុសនឹងច្បាប់របស់កម្ពុជា ព្រោះបញ្ជីកំណើតគេតម្រូវឱ្យយើងចុះបានតែម្តងសម្រាប់ទុកប្រើប្រាស់។
ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ដែលបានចាត់តាំងប្រតិភូចុះមកគាំទ្រដល់សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងគោលបំណងដើម្បីធានាឱ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ដែលជាកាតព្វកិច្ចជាសកល ក្នុងការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅជាកាតព្វកិច្ចជាប់លាប់ និងជាអចិន្ត្រៃយ៍ ដើម្បីធានាឱ្យមនុស្សគ្រប់រូបមានអត្ត សញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណកម្មដោយផ្តល់ចំពោះបុគ្គលម្នាក់ៗនូវលេខសម្គាល់អត្តសញ្ញាណបុគ្គល និងធានាបាននូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានគ្រិះសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គមជាតិរបស់យើង។
លោក ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីធានាការប្រមូលផ្តុំទិន្នន័យប្រជាជនជាឌីជីថល ធានាដល់គុណភាព និងគោលការណ៍ឯកត្តកម្មព័ត៌មានអត្តសញ្ញាណបុគ្គល និងធានាឱ្យស្ថាប័ន ឬបុគ្គលក្នុងការស្វែងរកទិន្នន័យពិតប្រាកដ ធានាឱ្យបុគ្គលដែលមានសញ្ជាតិខ្មែរ និងបុគ្គលទាំងឡាយណាដែលកើត និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលេខកូដសម្គាល់អត្តសញ្ញាណបុគ្គលតែមួយគត់ (UIC) និងជាអចិន្ត្រៃ។
លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើការកោតសរសើរថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ នៃស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋានក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងរដ្ឋបាលឃុំ សង្កាត់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាន និងការងារអត្តសញ្ញាណកម្មនានាជូនប្រជាពលរដ្ឋបានលឿន រហ័សប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម។ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ (២០១៧-២០២៦) សម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវ ដ៏ច្បាស់លាស់មួយ ក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធអត្តសញ្ញាណកម្មមួយមានភាពទំនើប មានមុខងារល្អ ឆ្លើយតបស្របតាមស្តង់ដាអន្តរជាតិ និងអាចធានាបានថាបុគ្គលគ្រប់រូបរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានអត្តសញ្ញាណស្របច្បាប់ ហើយស្ថិតិអត្រានុកូលដ្ឋានបានត្រូវបានបោះពុម្ព និងផលិតយ៉ាងត្រឹមត្រូវទាន់ពេលវេលា អាចជឿទុកចិត្ត និងអាចចែករំលែកបាន ដើម្បីធានាសម្រេចបាន «បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ» និង «មនុស្សទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ»។