ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៧:៤០:៣៣ ល្ងាច

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកលំផាត់អាណត្តិទី៤

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកលំផាត់អាណត្តិទី៤

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជា ថាវរិទ្ធសមាជិក ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរីបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលកាន់តំណែងក្រុមប្រឹក្សាស្រុកលំផាត់ អាណត្តិទី៤ នៅសាលាស្រុកលំផាត់ខេត្តរតនគិរី 

ថ្លែងក្នុងពិធីនេះឯកឧត្តម ខ័ណ្ឌ ចំណាន បានបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួមមាន៖ (១)ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន។ (២)ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិ អំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរឱ្យទៅរដ្ឋបាលក្រោមជាតិ ក្នុងការផ្តល់សេវា សាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។(៣)លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយ ភាពក្រីក្រ និងលើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តបានជំរុញនិងលើកទឹកចិត្តដល់ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកលំផាត់ទាំងអស់ រួមគ្នាសម្រេចអោយបាននូវកិច្ចការ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់។ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍ នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕