ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូសភាប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន
រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូសភាប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការកសិកម្ម និងជនបទ នៃសភាប្រជាជនខេត្តជាំងស៊ូ ព្រមទាំងបានជំរាបជូនពីទំនាក់ទំនងការទូតកម្ពុជា ចិន បានបង្កើតផ្លូវការក្នុងឆ្នាំ១៩៥៨ ប្រជាជនប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងគ្នារាប់រយឆ្នាំកន្លងមកហើយ។ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរប្រជាជន។ ប្រទេសកម្ពុជា រំពឹងថា និងអាចស្រូបទេសចរចិនមកកាន់កម្ពុជាមានចំនួនកើនឡើង ដើម្បីជំរុញយុទ្ធនាការ " ទស្សនាសៀមរាប ឆ្នាំ២០២៤ " ។ ខ្ញុំសូមវាយតម្លៃចំពោះមហាមិត្តចិន ជានិច្ចកាលតែងតែផ្តល់ការគាំទ្រចំពោះរាជរដ្ឋាភិបាលនាពេលកន្លងមក និងពេលបច្ចុប្បន្នលើគ្រប់វិស័យ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ ក្នុងនោះក៏មានការជួយឧប្ថម្ភគាំទ្រពីខេត្តជាំងស៊ូ និងសាខាកាកបាទក្រហមជាំងស៊ូ-អ៊ូស៊ីផងដែរ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ នៃប្រទេសទាំងពីរក៏ដូចជាបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ឈិន ជីរ (CHEN JIN) ប្រធានគណៈកម្មាធិការកសិកម្ម និងជនបទនៃសភាប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ប្រទេសចិនជាអ្នក ជិតខាងល្អ មិត្តល្អ និងដៃគូរល្អ បន្ទាប់ពីការបង្កើតទំនាក់ទំនងកាទូតអស់រយៈពេលជាង ៦០ឆ្នាំ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជំនាន់នីមួយនៃប្រទេសទាំងពីរ ចំណងមិត្តភាពកម្ពុជា និងចិនមានភាពរឹងមាំបន្ទាប់ពីបានឈានចូលយុគសម័យថ្មី។
ឯកឧត្តមបានបន្តថា ឯកឧត្តម ស៊ី ជីងពីង និងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និត បានជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងប្រទេសទាំងពីរឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរបានព្រួតដៃគ្នាជំរុញឱ្យមានគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ និងជំរុញបន្ថែមក្របខណ្ឌត្បូងពេជ្រ ដែលមានវិស័យអាទិភាពចំនួន៦ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងចិនឱ្យកាន់តែមានភាពស៊ីជំរៅ និងសម្រាប់ការអភិវឌ្ឍរួម គ្នាប្រកបដោយចីរភាព ប្រទេសកម្ពុជាមានធនធានកសិកម្មសម្បុរបែប បន្ទាប់ពីរបៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនបានចូលជាធរមានមក ផលលិតផលកសិកម្មកម្ពុជា មានការកើនឡើងទៅកាន់ប្រទេសចិន បច្ចុប្បន្នប្រទេសចិនបានក្លាយជាដៃគូរពាណិជ្ជកម្ម ផលិតផលកសិកម្មធំជាងគេរបស់ប្រទេសកម្ពុជា នៅឆ្នាំ២០២២ ទំហំទឹកប្រាក់នាំចេញ នាំចូលផលិតផលកសិកម្មមានចំនួន ៧៦០លានដុល្លាសហរដ្ឋអាមេរិក បានកើនឡើង ១៣ភាគរយ បើធៀបនឹងឆ្នាំ២០២១ អត្រានេះខ្ពស់ ហើយក៏ជាច្រកសំខាន់មួយរបស់ប្រទេសកម្ពុជា ដែលបានបើកចំហរកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់របស់ខេត្តជាំងស៊ូ ក្នុងកាចូលរួមកសាងខ្សែក្រវ៉ាត់ និងផ្លូវ។ ខេត្តទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និតមានកិច្ចសហប្រតិបត្តិការទូលំទូលាយ។ បន្ទាប់ពីកិច្ច ប្រជុំនាពេលនេះ យើងនឹងទៅទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលអភិវឌ្ឍរវាងខេត្តទាំងពីរ។
ឯកឧត្តមបានបន្តថា ក្រុមហ៊ុន ហុងតូគ្រុប បានឆ្លើយតបទៅនឹងគំនិតយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិន ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ក្រុមហ៊ុនហុងតូគ្រុប បានបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសមកពីក្រៅប្រទេស មកពីពិភពលោកសរុបចំនួន ១៨៨សហគ្រាស បង្កើតការងារប្រមាណ ៣ម៉ឺនកន្លែង ហើយទទួលបានការកោតសរសើរខ្ពស់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ. ខេត្តជាំងស៊ូ ត្រូវបានទទួលស្គាល់ជាប្រភពអង្ករ និងត្រី។ ឆ្នាំ២០២៣ ទំហំទឹកប្រាក់ នៃការនាំចេញ នាំចូលផលិតផលកសិកម្មរបស់ខេត្តជាំងស៊ូ និងប្រទេសកម្ពុជា មានចំនួន ៣៦លានដុល្លាសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ ស្ថានទូតចិនប្រចាំកម្ពុជា បានជំរុញឱ្យខេត្តព្រះសីហនុ ធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យស្រូវ អង្ករ នេសាទ ដើម្បីរួមគ្នាអភិវឌ្ឍអង្ករ និងមច្ឆា។ ប្រទេសកម្ពុជា និងប្រទេសចិនស្ថិតនៅតំបន់ទន្លេមេគង្គជាមួយគ្នា បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យវារីអគ្គិសនី ដឹកជញ្ជូន និងពាណិជ្ជកម្ម ខេត្តជាំងស៊ូ ជាខេត្តមួយគត់ នៃប្រទេសចិន ដែលមានទន្លេ បឹង សមុទ្រ។
ឯកឧត្តម សង្ឃឹមថា ខេត្តទាំងពីរមានការផ្លាស់ប្តូរកាន់តែច្រើនក្នុងការអភិវឌ្ឍទន្លេ និងក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយដំណើរទស្សនកិច្ចនេះ នឹងពង្រឹងការផ្លាស់ប្តូរគ្នាពង្រឹងចំណងមិត្តិភាពរវាងក្រុមប្រឹក្សាខេត្តព្រះសីហនុ លើគ្រប់វិស័យ។