ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ (ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ដ លោកប្រធានពន្ធនាគារខេត្ដ លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក លោកនាយករដ្ឋបាលសាលាក្រុង/ស្រុក លោក លោកស្រី នាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោកអធិការនគរបាលក្រុង/ស្រុក លោកនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងសហការី លោក លោកស្រីមេឃុំ ចៅសង្កាត់ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងពិធីប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធនាពេលនេះ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការជំរុញ និងបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ចតាមរយៈការកែទម្រង់ស៊ីជម្រៅលើផ្នែករដ្ឋបាលសាធារណៈ ការកែទម្រង់កងកម្លាំងនគរបាលជាតិ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការ របស់ក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមគណៈប្រតិភូសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ ចុះបំពេញបេសកកម្មធ្វើការងារសវនកម្មនៅតាមបណ្តារាជធានី ខេត្ត សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយផ្តោតការត្រួតពិនិត្យលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក។
ឯកឧត្តម អគ្គនាយក បានលើកឡើងអំពីតួនាទីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង មានគោលបំណងក្នុងការត្រួតពិនិត្យលើប្រតិបតិ្តការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។
បន្ថែមពីនេះទៀត ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺដើម្បីជួយជំរុញដល់ថ្នាក់ដឹកនាំសវនដ្ឋាន លើការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់របស់ខ្លួន ជាពិសេស អនុសាសន៍កែលម្អទាំងអស់ដែលផ្តល់ដោយសវនករ បានក្លាយជាមូលដ្ឋានក្នុងការវិភាគ វាយតម្លៃហានិភ័យ និងកែលម្អចំណុះខ្វះខាតនានារបស់សវនដ្ឋានឱ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានជូនពរ និងប្រសិទ្ធពរជ័យបរវសួស្តីសិរីមង្គលជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គប្រជុំទាំងមូល សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ពិសេសសូមឱ្យសម្រេចបានគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃដាក់ជូន និងសូមប្រកាសបើកកិច្ចសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ (ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ) នៅខេត្តបាត់ដំបង ចាប់ពីពេលនេះតទៅ៕