ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:៣២:៥២ ល្ងាច

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញចលនាការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីចូលរួមលុបបាត់បញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញចលនាការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីចូលរួមលុបបាត់បញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តចលនាការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីចូលរួមលុបបាត់បញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ខណៈដែលនេះជាចំណុចសំខាន់ ដែលពាក់ព័ន្ធនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើអាជ្ញាធរមូលដ្ឋាន។ 

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនូវកម្មវិធីទូរស័ព្ទ APP Nodrugs របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នាសាលាប៊ែលធី ផ្លូវជាតិលេខ៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល ហើយរហូតមកដល់ពេលនេះនៅតែមានភាពស្មុគស្មាញ និងពុំមានសញ្ញានៃការថមថយចុះឡើយ ខណៈដែលជាក់ស្តែងក្នុងកិច្ចប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចអនុវត្តន៍ច្បាប់ បានបង្ហាញឱ្យឃើញថា ទាំងបទល្មើស បរិមាណគ្រឿងញៀននិងសារធាតុគីមីផ្សំ ដែលបង្រ្កាបនិងរឹបអូសបាន នៅតែបន្តស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ។ 

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ការប្រើប្រាស់គ្រឿងញៀននៅក្នុងចំណោមប្រជាពលរដ្ឋទូទៅ ក៏នៅតែបន្តកើតមាន ហើយមានការរីករាលដាលពីតំបន់ទីប្រជុំជនទៅកាន់តំបន់ជនបទមួយចំនួន ព្រមទាំងបានបង្កបញ្ហាយ៉ាងច្រើននិងធ្ងន់ធ្ងរ ដល់សុខភាព ជីវភាពរស់នៅនិងគ្រួសារ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងការអភិវឌ្ឍសង្គមថែមទៀតផង។ 

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមទៀតថា ដើម្បីចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀននេះ អាជ្ញាធរមូលដ្ឋាន ត្រូវជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ «ជាមួយគ្នានេះយើងត្រូវជំរុញចលនានៃការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលចំណុចនេះគឺជាចំណុចសំខាន់ដែលពាក់ព័ន្ធជំនឿទុកចិត្តប្រជាពលរដ្ឋចំពោះអាជ្ញាធរមូលដ្ឋានផងដែរ។ ដោយសារមានតំណាងខេត្តមកចូលរួម មានទាំងស្រុកផងដែរ សូមឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តអនុវត្តន៍ឱ្យបានល្អ នូវគោលនយោបាយជាតិ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព ហើយជាពិសេសពាក់ព័ន្ធនឹងចំណុច នៃការទប់ស្កាត់ បង្រ្កាបគ្រឿងញៀននេះតែម្តង »។ 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តន៍នូវទិសស្លោក ប្រឆាំងគ្រឿងញៀន៣កុំ ១រាយការណ៍ ដែលរួមមាន ៣កុំ ទី១.កុំពាក់ព័ន្ធ កុំជួញដូរ កុំចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ទី២.កុំអន្តរាគមន៍ កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀនទាំងបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភ័ក្រក៏ដោយ និងទី៣.កុំលើកលែង កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តន៍ច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរពនិងអនុវត្តន៍ច្បាប់ និងមួយរាយការណ៍ គឺត្រូវរាយការណ៍ផ្តល់ព័ត៌មានដល់សមត្ថកិច្ចពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកគ្រឿង ញៀនខុសច្បាប់ដល់សមត្ថកិច្ច៕