ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:០៣:៤២ ល្ងាច

កិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារសេវាសង្គម ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៤

កិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារសេវាសង្គម ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៤

ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល និងលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំឆមាសទី១ និងលើកទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២៤ ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ត្រីពាក់ព័ន្ធផងដែរ។ 

ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះ គឺមានសារ:សំខាន់ណាស់ ក្នុងការត្រួតពិនិត្យ លើវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម រយៈពេលត្រីមាសទី១ និងចែករំលែកនូវមេរៀនបទពិសោធន៍ ការអនុវត្តល្អៗ និងរួមគ្នារកដំណោះស្រាយនានាក្នុងការអនុវត្តការងារកន្លងមក សំដៅ ឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តនៅក្នុងមូលដ្ឋានភូមិសាស្ត្រខេត្តកណ្តាល។ 

ឯកឧត្តម ប្រាក់ សារ៉ាត បានបញ្ជាក់ថា៖ការអនុវត្តនូវការងារសេវាសង្គមនេះ ពិតជាបានរួមចំណែកដល់កិច្ចដំណើការអភិវឌ្ឍន៍ ប្រទេសជាតិយ៉ាងពិតប្រាកដ ជាពិសេសតាមរយៈអ្នកទទួលផលពីគម្រោងសេវាសង្គម ដោយពួកគាត់សុទ្ធសឹងតែជាអ្នក មកពីគ្រួសារក្រីក្រ គ្រួសារងាយរងនូវហានីភ័យ គ្រួសារមានសមាជិកពិការភាពជាដើមដូច្នេះហើយរាជរដ្ឋាភិបាលបានវិភាជន៍ ថវិការបស់ជាតិ ទាំងនៅកម្រិតថ្នាក់ជាតិ និងនៅកម្រិតថ្នាក់ក្រោមជាតិ ដើម្បីឱ្យពួកគាត់ ងាយនឹងទទួលបាននូវផលប្រយោជន៍ពីការវិនិយោគ ឬការឆ្លើយតបទាំងនោះ។ 

ឯកឧត្តមបានបន្ថែមថា៖បញ្ហាដែលកើតនៅតាមមូលដ្ឋាន ភាគច្រើនគឺ បញ្ហាសុខភាពមាតា-ទារក អាហារូបត្ថម្ភ បញ្ហាទឹកស្អាត-អនាម័យ បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុមារតូច បញ្ហាអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាដើម ដែលយើងទាំងអស់គ្នា ត្រូវគិតគូលើកជាគម្រោង ឬសកម្មភាព ដើម្បីឆ្លើយតប ដោះស្រាយ ទៅនឹងបញ្ហាទាំងនោះ តាមរយៈការដាក់ បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល ឬផែនការយុទ្ធសាស្ត្រថវិកា ឬទម្រង់ថវិកាប្រចាំឆ្នាំរបស់ខ្លួន ដើម្បីមានលទ្ធភាពធ្វើការដោះស្រាយជូពួកគាត់បានទាន់ពេលវេលា។ 

ឯកឧត្តមបានបន្ថែមទៀតថា៖ ការងារគណនេយ្យភាពសង្គមនេះ គឺមានចក្ខុវិស័យផ្ដោតទៅលើការពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា៖នាពេលកន្លងមក បើនិយាយពីលទ្ធផលនៃការប្រឡងប្រណាំសេវាសង្គមវិញ គឺឃើញថា ខេត្តកណ្តាលរបស់យើង ទទួលបានលទ្ធផលល្អប្រសើរ។ ហើយអ្វីដែរជោគជ័យនោះ គឺសូចនាករនីមួយៗ ត្រូវផ្សារភ្ជាប់ទៅនឹងឯកសារភស្តុតាំង ដោយត្រូវមានឯកសារ គ្រប់គ្រាន់ និងរក្សាទុកដាក់សំណុំឯកសារឱ្យបានគត់ម៉ុត ជាពិសេសត្រូវអនុវត្តឱ្យស្របតាមបច្ចេកទេសណែនាំ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលបានដាក់ចេញដោយ ថ្នាក់ជាតិ សម្រាប់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រតិបត្តិ ជាងនេះទៅទៀត នៅក្នុងភូមិ សាស្ត្រខេត្តកណ្តាល ការវិភាជន៍ថវិកាពីការអភិវឌ្ឍបែបហេដ្ឋារចនាសម្ព័ន្ធ ទៅជាការវិនិយោគលើវិស័យសេវាសង្គមបានច្រើន ដែលជាហេតុធ្វើឱ្យពិន្ទុនៃការប្រឡងប្រណាំង មានកម្រិតខ្ពស់៕