ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៧:៣៩:១៦ ល្ងាច

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ

នៅព្រឹកថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ។ 

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភា​មក​បំពេញ​ទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ មានជំនឿជាក់យ៉ាងមុតមាំថា ដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជាណាចក្រថៃនៅពេលនេះនឹងបានរួមចំណែកយ៉ាងសំខាន់ថែមទៀត​ដល់ការពង្រឹងនិងពង្រីកនៅទំនាក់ទំនងជាមិត្តភាពរវាងប្រទេសនិងប្រជាជន ជាពិសេសស្ថាប័ននិតិប្ប​​ញ្ញត្តិ​នៃប្រទេសទាំងពីរ។ 

សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅនិងមានកិត្តិយសណាស់ដែល ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ដែលបានអញ្ជើញចូលរួមពិធីស្រាយ​បួសជាមួយបងប្អូនខ្មែរអ៊ីស្លាម​នៅកម្ពុជា ​ដែល​ជាផ្នែកមួយធ្វើឱ្យមានសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃជួបសម្ដែងការគួរសម និងបានជម្រាបជូន​សម្ដេច តេជោ​ថា កាលពី៣០ឆ្នាំមុន ឯកឧត្តមបានជួបសម្ដេច​តេជោ ក្នុងនាមជាអ្នកនយោបាយវ័យ​ក្មេងរបស់​កម្ពុជា​ដ៏មានសក្ដានុពល និងនៅថ្ងៃនេះបានជួបសម្ដេចបានសារជាថ្មីម្ដងទៀត។

ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ឯកឧត្តមបានលើកឡើងថា កម្ពុជា និងថៃ ជាប្រទេសភូមិផង​របងជាមួយគ្នា​​ ដូច្នេះយើងត្រូវចេះស្រលាញ់និងសាមគ្គីគ្នា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន​នៃ​ប្រទេសយើង​ទាំងពីរ។ ឯកឧត្តមគូសបញ្ជាក់ថា ប្រទេសថៃនឹងយកចិត្តទុកដាក់មើលថែរពលករកម្ពុជា​ដែលកំពុងធ្វើការនិងប្រកបមុខរបបក្នុងប្រទេសថៃដូចជាប្រជាជនថៃដែរ ជាពិសេសបានផ្ដល់ឱកាស​ឱ្យ​គ្រួសារ ​និងកូនរបស់ពលករកម្ពុជាទទួលបានការអប់រំរៀនសូត្រភាសាថៃផងដែរ។ 

ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា បានអបអរសាទរចំពោះសម្ដេចតេជោ ដែល​បាន​ទទួលតួនាទី​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអបអរសាទរចំពោះសម្ដេចតេជោ ដែល​នឹង​ត្រូវ​ក្លាយ​ជាប្រធានព្រឹទ្ធសភានៅពេលខាងមុខ។ 

ជាការឆ្លើយតបសម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនលើគ្រប់វិស័យនៃ​ទំនាក់ទំនង​កម្ពុជាថៃ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ​ចំពោះរដ្ឋាភិបាលថៃដែលបានយកចិត្តទុក​ដាក់ផ្ដល់​ការថែទាំ ដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ។ សម្ដេចតេជោ បានជម្រុញឱ្យប្រទេស​ទាំងពីរ​លើកកម្ពស់ថែមទៀតលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យការងារ ទេសចរណ៍ជាដើម។ល។ និងចង់ឃើញទំនាក់ទំនងរវាងប្រទេសទាំង​ពីរលើកកម្ពស់ពីទំនាក់ទំនងដៃ​គូរ​ជាយុទ្ធសាស្ដ្រទៅជាដៃគូរយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយនៅពេលអនាគត។  ចំពោះកិច្ចសហប្រតិបត្តិការ   តំបន់យើងត្រូវជម្រុញថែមទៀតដើម្បីផលប្រយោជន៍រវាង​ប្រទេស​ទាំងពីរក្នុងក្របខ័ណ្ឌអាស៊ាន អ៊ិចមិច និង មហាអនុតំបន់មេគង្គ ។ 
ជាចុងបញ្ចប់ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា ដែលបាន​អបអរសាទរចំពោះសម្ដេច និងបានជូនពរគណៈប្រតិភូទទួលបានជោគជ័យ​ក្នុងដំណើរទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រកម្ពុជា៕