សម្តេច ម៉ែន សំអន អញ្ជើញប្រកាស លោកជំទាវ ជា ផល្គុន ជាប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន យុវនីតិសម្បទា។
ដ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ធិត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ធិត ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។
តាមរយ: របាយការណ៍របស់ ឯកឧត្ត ជា សុមេធី គិតត្រឹមត្រឹមខែធ្នូ ឆ្នាំ២០២៣ ក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានមន្ត្រីរាជការជាស្ត្រីថ្នាក់ជាតិចំនួន ៤២.២ភាគរយ នៃចំនួនមន្ត្រីរាជការសរុប ១,២៣៥នាក់ មន្ត្រីជាស្ត្រីថ្នាក់ក្រោមជាតិចំនួន ៤២.៨ភាគរយ នៃចំនួនមន្ត្រីរាជការសរុប ៨៥៦នាក់ មន្ត្រីជាប់កិច្ចសន្យាជាស្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន ៦៨ភាគរយ នៃចំនួនមន្ត្រីជាប់កិច្ចសន្យាសរុប
៥៩៥នាក់។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមអបអរសាទរចំពោះ លោកជំទាវ ជា ផល្គុន ភរិយារបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្មការសាខាសាមគមនាទីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ដែលត្រូវបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែក តួនាទីភារកិច្ចទទួលខុសត្រូវ ទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សមាគមនារីសាខា អនុសាខាទូទាំងអង្គភាព កាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា»៕