ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:១៨:០៦ ល្ងាច

គម្រោងចំនួន២ ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»

គម្រោងចំនួន២ ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»

នាព្រឹកថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ និង លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា សម្រាប់គម្រោងសាងសង់អគារ ចំនួន២ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤" ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពក្នុងការអនុម័តផ្តល់ «អត្ថប្រយោជន៍ពិសេស» ជាអតិបរមាដល់អ្នកស្នើសុំ។

ជាលទ្ធផល, គម្រោងទាំង២ ទទួលបានការឯកភាពជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តុមួយចំនួនទាំងផ្នែកពន្ធ និងមិនមែនពន្ធ ដោយផ្អែកទៅតាមលក្ខណៈវិនិច្ឆ័យកំណត់ដោយក្រុមការងារអន្តរក្រសួង និងស្ថាប័ន។

សូមជម្រាបថា គម្រោងដែលត្រូវបានប្រជុំពិភាក្សាខាងលើ បានដាក់ពាក្យស្នើសុំតាមរយៈ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងន័យនេះ, សូមធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ខាងលើ អញ្ជើញមកដាក់ពាក្យសុំ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ឬ ទំនាក់ទំនងទំនងមកលេខាធិការដ្ឋាន តាមរយៈទូរស័ព្ទលេខ 016321010 ឬ 012902200 ឬ 089726028។