ថ្ងៃអាទិត្យ ១៩-តុលា-២០២៥ ១២:៣២:១៧ ព្រឹក

អភិបាលខេត្តបាត់ដំបង លើកទឹកចិត្តឱ្យកងកម្លាំងត្រូវបន្តអនុវត្តវិធានការច្បាប់កុំលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់

អភិបាលខេត្តបាត់ដំបង លើកទឹកចិត្តឱ្យកងកម្លាំងត្រូវបន្តអនុវត្តវិធានការច្បាប់កុំលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លើកទឹកចិត្តដល់កងកម្លាំងត្រូវបន្តអនុវត្តវិធានការច្បាប់ដោយតឹងរ៉ឹងកុំលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ខណៈអ្នកប្រព្រឹត្តបទល្មើសនេសាទនៅតែបន្តកើតមាន។
ប្រសាសន៍លើកទឹកចិត្តរបស់ឯកឧត្តម សុខ លូ នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងឈរជើងប្រចាំការនៅបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលពិធីនេះធ្វើឡើងនៅបរិវេណវត្តអន្លង់តាអ៊ួរ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបង្ហាញអារម្មណ៍សប្បាយរីករាយបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់កម្លាំងយោធាឱ្យចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប  ហើយជាសច្ចភាពជាក់ស្ដែងបន្ទាប់ពីមានការបង្រ្កាបពីកម្លាំងយោធាឃើញថាក្នុងរយៈពេល១ឆ្នាំទៅ២ឆ្នាំនេះ ទិន្នផលត្រីនៅតំបន់បឹងទន្លេសាបមានការកើនឡើង។
ឯកឧត្តម ប្រាប់ដល់ប្រជាពលរដ្ឋត្រូវមានការភ្ញាក់រលឹកកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងត្រូវចូលរួមគោរពច្បាប់ កុំបន្ថែមបន្ទុកទៅដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងរាជរដ្ឋាភិបាល។
ឯកឧត្តម បានសម្ដែងការកោតសរសើរដល់កងកម្លាំង អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ។
ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាការពារ និងកុំទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកតំបន់បី និងដីសហគមន៍ដែលរាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលវាស់វែងរួចរាល់អស់ហើយព្រមទាំងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានលុបបំបាត់គ្រឿងញៀន និងក្មេងទំនើងដើម្បីធ្វើឱ្យភូមិ ឃុំ មានសុវត្ថិភាព៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង