ថ្ងៃអង្គារ ២៥-វិច្ឆិការ-២០២៥ ១១:៣២:៥៤ ព្រឹក

Michael Alfaro សំណូមពរឱ្យសហរដ្ឋអាម៉េរិក ពិសេសប្រធានាធិបតី ត្រាំ គួរបង្កើនកម្រិតលើការដាក់ទណ្ឌកម្ម និង សម្ពាធការទូត លើប្រទេសថៃ…!

Michael Alfaro សំណូមពរឱ្យសហរដ្ឋអាម៉េរិក ពិសេសប្រធានាធិបតី ត្រាំ គួរបង្កើនកម្រិតលើការដាក់ទណ្ឌកម្ម និង សម្ពាធការទូត លើប្រទេសថៃ…!

បន្ទាប់ពីកាលព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ក្រុមបាតុករ ដែលដឹកនាំដោយអតីតមនុស្សជំនិត ថាក់ស៊ីន ចាក់តុផន ព្រំផាន់ និង លោក ភិជិត ឆ័យមង្គល បានដង្ហែក្បួនដើម្បីតវ៉ាប្រឆាំងជាចំហរចំពោះការខ្នះខ្នែងរបស់លោក ត្រាំ និង លោក អាន់វ៉ា ដើម្បីស្វែងរកសន្តិភាពពិតប្រាកដ និង យូរអង្វែងសម្រាប់កម្ពុជា និងថៃ នោះ នាវេលាម៉ោងជាង១០ យប់ថ្ងៃដដែលលោក ម៉ៃឃើល អាល់ហ្វារ៉ូ បានបញ្ចេញសារបកអាក្រាតនិងព្រលះក្រុមបាតុករថៃ ដែលកំពុងតែរុញប្រទេសថៃ ចូលកាន់តែជ្រៅទៅក្នុងប្លុកកុម្មុយនីស្ត ពិសេសគឺប្រទេសដែលប្រឆាំងនឹងឥទ្ធិពលនិងអំណាចអាម៉េរិកផ្ទាល់តែម្ដង។ 

បុរសដែលបានមកឃើញពីទិដ្ឋភាពពិតប្រាកដដែលបានកើតឡើងនៅព្រំដែនកម្ពុជា ហើយកំពុងបន្តរងការបំពានពីយោធាថៃគ្រប់រូបភាព ប្រជាពលរដ្ឋ រស់នៅយ៉ាងភិតភ័យ បានកត់សម្គាល់ឃើញទៀតថា ហ្វូងបាតុករទាំងនោះមានចំនួនច្រើន ហើយកំពុងបង្កឱ្យមានការរំខានដល់ចរាចរណ៍ដែលធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចមូលដ្ឋានរបស់ថៃ ដោយផ្អែកលើសេចក្ដីរាយការណ៍ពីក្រសួងការបរទេសអាម៉េរិក។

សាររបស់លោក ម៉ៃឃើល ក៏បង្ហាញពីការបារម្ភជាសាធារណៈអំពីសុវត្ថិភាព ស្ថានទូតអាម៉េរិកប្រចាំទីក្រុងបាងកក ដែលអាចទទួលរងនូវអំពើហិង្សា ពីក្រុមជ្រុលនិយមថៃ ដែលដើរបញ្ច្រាសពីពាក្យ សន្តិភាព ដោយចំហរ។ 

ចំណុចមួយចំនួន ដែលលោក ម៉ៃឃើល អាល់ហ្វារ៉ូ លើកឡើងគួរឱ្យចាប់អារម្មណ៍ មានដូចជា៖ 

* ប្រសិនបើប្រទេសថៃបន្តលេងសើចនឹងសង្គ្រាមជំនួសឲ្យសន្តិភាព...
* ប្រសិនបើប្រទេសថៃបន្តផ្តល់អំណាចដល់បក្សពួកដែលគាំទ្រប្រទេស ដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់...
* ប្រសិនបើប្រទេសថៃបន្តបដិសេធកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីរក្សាតុល្យភាព និងការពារតំបន់អាស៊ីអាគ្នេយ៍...

ជាចុងបញ្ចប់ លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកគួរតែពិចារណាយ៉ាងម៉ត់ចត់អំពីការបង្កើនបន្ទុកការដាក់ទណ្ឌកម្ម និងសម្ពាធការទូតលើថៃ ប្រសិនបើថៃនៅតែបណ្ដោយឱ្យក្រុមជ្រុលនិយមធ្វើអ្វីស្រេចតែទំនើងចិត្តដូច្នេះ៕