លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារខែមិថុនា និងលើកទិសដៅអនុវត្តការងារខែបន្ត ឆ្នាំ២០២៥
ខេត្តកែប៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកែប មានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារ ប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទទួលផែនគ្រប់ផែន លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ នាយ-នាយរងការិយាល័យជំនាញ អធិការ-អធិការរងនគរបាលក្រុង ស្រុក ប្រធានក្រុមអន្តរាគមន៍ ប្រធានក្រុមចម្រុះនគរបាលខេត្តប្រចាំការឆ្នេរ ផែ កោះទន្សាយ សាលាខេត្ត ឆ្នេរអង្កោល ភ្នំសរសៀរ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ សង្កាត់ និងមន្ត្រីនគរបាលពាក់ព័ន្ធ សរុបចំនួន១៣៨នាក់។
កិច្ចប្រជុំក៏បានស្តាប់របាយការណ៍បូកសរុប ស្តីពីសភាពការណ៍លទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ និងស្តាប់ការអានសេចក្តីសម្រេច លេខ ០០៨ ស.ស.រ,០០៩ ស.ស.រ និងលេខ០១៣ ស.ស.រ របស់ស្នងការដ្ឋាននគរបាលខេត្តកែប និងមតិចូលរួមពីបណ្តាប្រធានផែនការងារ អធិការនគរបាលក្រុង ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល អំពីលទ្ធផលការងារ សំណូមពរ និងបញ្ហាប្រឈមរបស់ខ្លួន។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានផ្សព្វផ្សាយជំរុញដឹកនាំអនុវត្តនូវ សេចក្តីសម្រេច លេខ ៥៩៨២ សសរ ស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត របស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេច លេខ ២១៣ សសរ ស្តីពី ការបង្កើតក្រុមសម្ព័ន្ធមេត្រី រវាងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជាមួយគណៈបញ្ជាការនគរបាលជាតិ ប្រចាំភូមិភាគ៣ ភូមិភាគ៤ និងភូមិគាគ៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ទន្ទឹមនោះ លោក ស្នងការ បន្តដាក់ចេញនូវវិធានការណ៍សំខាន់ៗ ដោយពង្រឹងត្រួតពិនិត្យកម្លាំងឱ្យបានមុឺងម៉ាត់ត្រៀមអនុវត្តបទបញ្ជា ពង្រឹងការងារល្បាតតាមភូមិសាស្ត្រស្មុគស្មាញ ងាយរងគ្រោះបទល្មើស ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសលួច ប្លន់ ពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរ ចុះក្តាប់សកម្មភាពមុខសញ្ញាញុះញង់ កៀរគរប្រមូលផ្តុំប្រឆាំងរាជរដ្ឋាភិបាល ជំរុញបំផុសចលនាការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជំរុញការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស គ្រប់គ្រងបច្ចុប្បន្នភាពលើប្រជាពលរដ្ឋធ្វើចំណាកស្រុក ក្នុង-ក្រៅប្រទេស បន្តចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រួតពិនិត្យការកែច្នៃយានយន្ត និងការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប ស្រាវជ្រាវការដាំដុះ ចែកចាយ ជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប