ថ្ងៃពុធ ១៥-ឧសភា-២០២៤ ០៥:១៥:១៦ ល្ងាច

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ  ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។
 
ក្នុងជំនួបនេះ សម្ដេចតេជោបានសម្តែងនូវក្តីរីករាយដែលបានជួបលោកជំទាវឯកអគ្គរដ្ឋប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សាជាថ្មីម្ដងទៀតបន្ទាប់ពីជំនួ​ប កាលពីអំឡុងខែសីហា ឆ្នាំ២០២២ ក្រោយពេលដែលលោកជំទាវបានក្លាយជាឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលនោះ សម្ដេចបានពិភាក្សាជាមួយលោកជំទាវ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង តួកគី និង បញ្ហាមួយចំនួនទៀត ជាពិសេស ពីការសុំចូលរបស់ប្រទេសតួកគី ជាសមាជិក EU និងបញ្ហា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នៅពេលនេះ សម្ដេចបានទទួលតំណែងជាប្រធានព្រឹទ្ធសភា សម្ដេច នឹងពង្រឹងទំនាក់ទំនង បន្ថែមទៀតរវាងព្រឹទ្ធសភាកម្ពុជា និង សភាតួកគី។ ក្នុងជំនួបនេះ សម្ដេចតេជោក៏បានផ្តាំផ្ញើ តាមរយៈលោកជំទាវអគ្គរដ្ឋតួកគីប្រចាំនៅកម្ពុជា នូវការសួរសុខទុក្ខរបស់សម្តេច ចំពោះឯកឧត្តមប្រធានាធិបតី នៃប្រទេសតួកគីផងដែរ។
 
ជាកិច្ចឆ្លើយតប លោកជំទាវ ឯកគ្គរដ្ឋទូតតួកគី បានសម្ដែងនូវក្តីរីករាយ ដោយចាត់ទុកថា នេះជាកិត្តិយសណាស់ដែលសម្ដេចផ្តល់ការអនុញ្ញាតឲ្យលោកជំទាវបានជួបសម្ដែងការគួរសមនៅពេលនេះ។ នៅថ្ងៃនេះផងដែរ លោកជំទាវបានសម្តែងនូវការចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីចុងសប្តាហ៍ថ្មីៗនេះ ដែលធ្វើឲ្យមានការបាត់បង់យោធិនរបស់កម្ពុជាមួយចំនួន។ លោកជំទាវបានបន់ស្រន់ឱ្យអ្នកដែលរករបួសឆាប់បានជាសះស្បើយផងដែរ។ ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានជូនពរសម្ដេចតេជោ និងសមាជិកព្រឹទ្ធសភាទាំងអស់សូមឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។ លោកជំទាវក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានសភាតួកគីផងដែរ ជូនចំពោះសម្ដេចតេជោ។
 
លោកជំទាវបានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះ មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខទំនាក់ទំនងកាន់តែច្រើនឡើងរវាងប្រជាជននិងប្រជាជន ។ លោកជំទាវក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ពិសេសកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា ក្នុងនោះ មានការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍​ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត។ លោកជំទាវក៏បានរៀបរាប់ពីទំនាក់ទំនង និង ។ ប្រទេសតួកគីនឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ហើយបានស្នើសុំឲ្យភាគីកម្ពុជាជួយគាំទ្រតួកគីក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។ លោកជំទាវមានក្តីសង្ឃឹមទុកថា សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភា នៃប្រទេសតួកគី ឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខ។
 
ជាការឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណចំពោះលោកជំទាវ ដែលបានចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ កើតឡើងកាលពីចុងសប្តាហ៍នេះ និង បណ្តាលធ្វើឲ្យយោធិនយើងចំនួន២០រូបបានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀតទទួលរងរបួស។ សម្ដេចតេជោ ក៏បានអរគុណលោកជំទាវដែលបានអបអរសាទរចំពោះសម្ដេចដែលបានក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះ ហើយសម្ដេចក៏បានអរគុណផងដែរដល់ឯកឧត្តមប្រធានសភាតួកគី ដែលបានផ្ញើសារអបអរសាទរ ហើយសម្ដេចនៅចាំបានថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសតួកគី ពេលដែលជួបគ្នាកាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី សម្ដេចក៏បានជួបជាមួយឯកឧត្តមប្រធានសភាតួកគីផងដែរ។ នៅក្នុងជំនួបនេះដែរ សម្ដេចតេជោក៏បានរៀបរាប់ប្រាប់លោកជំទាវទូតពីគោលបំណងដែលសម្ដេចសម្រេចធ្វើការផ្លាស់ប្ដូរ និងផ្ទេរអំណាចទៅដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយជាការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ដែលទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោបានបន្តទៀតថាការផ្លាស់ប្ដូរថ្នាក់ដឹកនាំបន្តវេនក្នុងរយៈពេល៨ខែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដំណើរការល្អប្រសើរ មានស្ថិររភាព  កំណើនសេដ្ឋកិច្ចល្អប្រសើរ និងអតិផរណាស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ សម្ដេចតេជោប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថានៅក្នុងអាណត្តិទី៥ នៃព្រឹទ្ធសភានេះ សម្តេចនឹងផ្ដោតអទិភាពសំខាន់ទៅលើកិច្ចការងារបរទេស។ ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីវិញ សម្ដេចតេជោបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់យើងគឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន ។ សម្តេចជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទាំងពីរអាចសម្រេចបាននាពេលខាងមុខ ។ ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះសម្ដេចបានមានប្រសាសន៍ថា ស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើនដើម្បីរំលឹកខួបទំនាក់ទំនងនេះ។ ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា វានឹងអាចធ្វើឲ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសទួគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្ពុជាផងដែរ។
 
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំអញ្ជើញប្រធានសភាតួកគី មកចូលរួមវេទិកាអន្តរសភាដើម្បីការអត់ឱ្ និង សន្តិភាព ​ និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាធិបតី និង ដឹកនាំកិច្ចប្រជុំនៃមហាសន្និបាតនេះ ហើយសម្ដេចតេជោ នឹងត្រូវបានអញ្ជើញធ្វើជាប្រធានកិត្តិយស នៅក្នុងកិច្ចប្រជុំនោះផងដែរ។ ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោកជំទាវឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស សភាពការណ៍នៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ាផងដែរ៕