ថ្ងៃច័ន្ទ ០៦-ឧសភា-២០២៤ ១០:១២:៣៧ ល្ងាច

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី "សិល្បៈនៃការប្រាស្រ័យទាក់ទងសម្រាប់ភាពជាអ្នកដឹកប្រកបដោយឥទ្ធិពល"

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី

ខេត្តកណ្តាល៖រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤  ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី "ភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី "សិល្បៈនៃការប្រាស្រ័យទាក់ទងសម្រាប់ភាពជាអ្នកដឹកប្រកបដោយឥទ្ធិពល" នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត មន្ទីរកិច្ចការនារី និងលោក លោកស្រី ដែលជាសមាជិក សមាជិកា ចូលរួមសរុបប្រមាណ១៦៥រូប ក្នុងនោះសិក្ខាកាមសរុបចំនួន១២៥រូប។ 

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តបានមានប្រសាសន៍ថា៖វគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំរបស់ស្ត្រី ដោយផ្តោតលើ "សិល្បៈនៃការប្រាស្រ័យទាក់ ទងសម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយឥទ្ធិពល” ដែលរដ្ឋបាលខេត្ត រៀបចំដោយ គ.ក.ស.ក ខេត្ត ក្រោមកិច្ចសហការជាមួយក្រសួងកិច្ចការនារី បានដំណើរការអស់រយៈពេល ០២ថ្ងៃមកនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរាជការជាស្ត្រី ដែលមានតួនាទី ដឹកនាំ គ្រប់គ្រង នៅរដ្ឋបាល សាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង/ស្រុក សិក្ខាកាមពិតជាទទួលបានទាំងទ្រឹស្តី រួមទាំងការអនុវត្តសាកល្បងជាក់ស្តែង របស់ខ្លួន។ ដែលជាទុនដ៏ពិសេសសម្រាប់យកទៅប្រតិបត្តិក្នុងការងារពីមុនយើងកត់សម្គាល់ឃើញថា ស្ត្រីមិនសូវមានភាពក្លាហានក្នុងការចូលរួមបញ្ចេញមតិ យោបល់នៅក្នុងអង្គប្រជុំ ឬនៅទីសាធារណៈ ហើយចំនួនស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចនៅតាមស្ថាប័ន មន្ទីរ អង្គភាព គ្រប់ថ្នាក់ ក៏នៅមិនទាន់ឆ្លើយតបតាមចំណុចដៅ។ផ្តើមចេញពីបញ្ហានេះហើយ គ.ក.ស.ក ខេត្ត ដោយមានការគាំទ្រពីរដ្ឋបាលខេត្ត រៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។ 

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ គ.ក.ស.ក ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញ មុខងារ ភារកិច្ច របស់ខ្លួនក្នុងការសម្របសម្រួល ពិគ្រោះយោបល់ ផ្តល់ប្រឹក្សា តាមដាន ពិនិត្យ ជំរុញ និងសហការក្នុងការចូលរួមដោះស្រាយនូវ រាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងសមភាពយេនឌ័រ បញ្ហាស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបតាមតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ពិសេស ស្ត្រី និងក្មេងស្រី ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមក្នុងក្របខ័ណ្ឌនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងបរិបទដែលប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាបាននិងកំពុងអាស្រ័យផលពី សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយ ដែលបានផ្តល់ឱកាសឱ្យយើង ទាំងអស់គ្នាបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់។ 

ឯកឧត្តមបន្ថែមថា៖ ក្នុងនាមរដ្ឋបាលខេត្តកណ្តាល ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះកិច្ចសហការដ៏ល្អរបស់ក្រសួងកិច្ចការនារី ជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ដោយមានអ្នកសម្របសម្រួលអញ្ជើញមកពីក្រសួងកិច្ចការនារីទាំងអស់។ 

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានផ្តល់នូវអនុសាសន៍ដូចជា៖ស្ថាប័ន មន្ទីរ អង្គភាព គ្រប់ផ្នែក គ្រប់វិស័យ រួមទាំងវិស័យឯកជន ត្រូវចូលរួមអនុវត្តគោល នយោបាយសមភាពយេនឌ័រ ព្រោះការលើកកម្ពស់សមភាពយេនឌ័រ ជាការងារអន្តរវិស័យ អាជ្ញាធរ កងកម្លាំងទាំង៣ គ្រប់ថ្នាក់ត្រូវអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា ទាក់ទងនឹងអំពើហិង្សាគ្រប់ទម្រង់លើស្ត្រី និងកុមារ ក្នុងនោះមន្ទីរកិច្ចការនារី គ.ក.ស.ក/ គ.ខ.ប.ជ គាំទ្រ និងផ្តល់សេវាផ្នែកច្បាប់ ជូនជនរងគ្រោះ ជាស្ត្រី និងកុមារ ដើម្បីបង្កើននូវភាពកក់ក្តៅ និងជំនឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។មន្ទីរ វិស័យពាក់ព័ន្ធ បង្កើនការអប់រំ ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនៅតាមសហគមន៍អំពីច្បាប់ គោលនយោបាយនានា ពាក់ព័ន្ធស្ត្រី និងកុមារ អំពីសុខភាពមាតា ទារក និងអាហារូបត្ថម្ភ សុខភាពបន្តពូជ និងសុខភាពផ្លូវភេទដល់ស្ត្រី និងក្មេងស្រីឲ្យបានទូលំទូលាយ និងខិតខំស្វែងរកដៃគូអភិវឌ្ឍ ដើម្បីផ្តល់កិច្ចសហការគាំទ្រ ដើម្បីទទួលបាននូវការគាំទ្រ ក្នុងការផ្តល់ឋានៈ តួនាទី ដល់ស្ត្រី គឺផ្តើមចេញពីចំណេះដឹង សមត្ថភាព និងសកម្មភាពក្នុងការបំពេញភារកិច្ចរបស់ស្ត្រី មានន័យថាស្ត្រីត្រូវ ជួយ ខ្លួនឯងជាមុន មុននឹងឲ្យគេជួយ។ ស្ត្រីមានសមត្ថភាព ទេពកោសល្យ និងវោហាសាស្ត្រក្នុងការនិយាយ ការប្រាស្រ័យ ទាក់ទង គឺជាអំណាចដ៏មានឥទ្ធិពលសម្រាប់ភាពជាអ្នកដឹកនាំ ហេតុនេះសិក្ខាកាម ទាំងអស់ត្រូវខិតខំរៀនសូត្រហ្វឹកហាត់បន្ថែមទៀត អំពីជំនាញ ឬសិល្បៈក្នុងការ និយាយជាសាធារណៈឲ្យបានកាន់តែប្រសើរទៀត៕