ថ្ងៃអង្គារ ០៧-ឧសភា-២០២៤ ០៤:០២:១៥ ព្រឹក

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះចៅ​ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះចៅ​ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី

នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០២៤​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះអង្គចៅ​ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។

ក្នុងព្រះរាជសវនាការនេះ ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar បានសម្តែងនូវការសព្វព្រះរាជហឫទ័យចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសម៉ាឡេស៊ី និងបានផ្តាំផ្ញើព្រះរាជបណ្តាំសួរសុខទុក្ខថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ ព្រះចៅស៊ុលតង់​ អ៉ីប្រាហ៉ីម ក៏បានសម្តែងនូវព្រះរាជហរទ័យរីករាយ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី​ និង​ប្រទេសកម្ពុជា។ 

សម្តេចធិបតី បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ​ ថ្វាយព្រះចៅ​ស៊ុលតង់​ អ៉ីប្រាហ៉ីម ដែលបានរាជានុញ្ញាតឱ្យសម្តេចធិបតី បានចូលក្រាបថ្វាយបង្គំគាល់ និងបានថ្វាយនូវព្រះរាជបណ្តាំសួរសុខទុក្ខរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថ្វាយព្រះចៅសុលតង់​ អ៉ីប្រាហ៉ីម​ ផងដែរ។ បន្ថែមពីនេះ សម្តេចធិបតី ក៍បានទូលថ្វាយព្រះចៅស៊ុលតង់​ អ៉ីប្រាហ៉ីម អំពីការបោះឆ្នោតព្រឹទ្ធសភា​ អាណត្តិទី៥ ក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ និងបានទូលថ្វាយព្រះចៅស៊ុលតង់ អ៉ីប្រាហ៉ីម​ អំពីលទ្ធផលនៃ​ ជំនួបទ្វេភាគីរវាងសម្តេចធិបតី និងនាយករដ្ឋមន្ត្រី ដាតុ​ ស៊េរី​ អាន់វ៉ា ប៊ីន​ អ៊ីប្រាហ៊ីម កាលពីព្រឹកម៉ិញនេះ ដែលក្នុងនោះ​ ភាគីទាំងពីរបានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យជាច្រេីន​ រួមមាន៖ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យការពារជាតិនិងសន្តិសុខ និងវិស័យអប់រំនិងបណ្តុះបណ្តាល ជាដើម ៕