ឧត្តមសេនីយ៍ត្រី សៀ ទីន រួមជាមួយមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តកេសរារាម ក្រុងសៀមរាប!
ខេត្តសៀមរាប: នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប រួមជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ បានអញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តកេសរារាម ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន រួមជាមួយមន្ត្រីក្រោមឱវាទ បាននាំយកនូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ និងបានធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ វីរៈយុទ្ធជន វីរៈយុទ្ធនារី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដែលបានពលីមរណៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងរយៈកាលកន្លងមកផងដែរ៕