លោកជំទាវ មិថុនា ភូថង នៅតែមានមោទនភាពដែលមានយុវសិស្សប្រឡងជាប់និទ្ទេសA ចំនួន១៣នាក់
កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១៤នេះ បានអញ្ជើញប្រគល់រង្វាន់លើកទឹកចិត្តដល់ក្រុមសិស្សប្រឡងជាប់និទ្ទេស A ទាំង ១៣រូប ប្រចាំឆ្នាំ២០២៤ ក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ៤លានរៀល។
លោកជំទាវ មិថុនា ភូថង កោតសរសើរពីកិច្ចប្រឹងប្រែងកូនក្មួយៗដែលបញ្ចេញសមត្ថភាពប្រឡងជាប់បាននិទ្ទេសAមានចំនួនច្រើនមិនធ្លាប់មានពីមុនរហូតដល់១៣រូប។ នេះជាមោទនភាពដ៏ឧត្តុងឧត្តមយ៉ាងខ្លាំងសម្រាប់ខេត្តកោះកុង ក៏ដូចជាម្តាយឪពុកអាណាព្យាបាលសិស្សផងដែរ។
លោកជំទាវអភិបាលខេត្ត ជំរុញឱ្យបន្តខិតខំសិក្សាបន្ថែមទៀតបានឱ្យល្អនៅថ្នាក់មហាវិទ្យាល័យ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលដែលប្រទេសជាតិកំពុងត្រូវការ សម្រាប់ការចូលរួមអភិវឌ្ឍន៍សង្គមជាតិទៅអនាគត។ មិនត្រឹមតែប៉ុណ្ណោះ កូនក្មួយៗត្រូវមានគុណធម៌ សិលធម៌ ចរិយាថ្លៃថ្នូរឱ្យសាកសមនឹងកូនខ្មែរ ចៀសវាងភ្លើតភ្លើនទៅអំពើអបាយមុខដែលសង្គមមិនឱ្យតម្លៃ។
ឆ្នាំ២០២៤នេះ ខេត្តកោះកុង បានសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេសAរហូតដល់១៣នាក់ ក្នុងនោះស្រីចំនួន៥នាក់ បើធៀបនឹងឆ្នាំទៅ២០២៣មានសិស្សជាប់និទ្ទេសAតែ៣នាក់ប៉ុណ្ណោះ។
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា កន្លងទៅ មានសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនសរុបចំនួន១១២១នាក់ស្រី៦០៨.នាក់។ ដោយមានអ្នកប្រឡងជាប់សរុបចំនួន.៩០៧ នាក់ស្រី៥០៤ នាក់ស្មើនឹង៨០.៩១%។
បន្ថែមលើមោទនភាពរបស់លោកជំទាវអភិបាលខេត្ត លោក ង៉ែត ឡឹង បានបញ្ជាក់ថា ក្នុងចំណោម សិស្សដែលបានប្រឡងជាប់ គឺសិស្សជាប់និទ្ទេសAចំនួន ១៣ នាក់/ស្រីចំនួន ០៥ នាក់។ និទ្ទេសBចំនួន ៦៥ នាក់ /និទ្ទេសC ចំនួន១៧៤ នាក់/និទ្ទេសD ចំនួន ៣១២ នាក់/ និងសិស្សនិទ្ទេសEចំនួន ៣៤៣ នាក់៕