ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៧:៣៥:០៧ ល្ងាច

សិល្បៈ យុវជននិងកុមារផ្នែកល្ខោន និយាយឈុតខ្លី និងចម្រៀងសម័យកុមារថ្នាក់ខេត្ត ឆ្នាំ២០២៤

សិល្បៈ យុវជននិងកុមារផ្នែកល្ខោន និយាយឈុតខ្លី និងចម្រៀងសម័យកុមារថ្នាក់ខេត្ត ឆ្នាំ២០២៤

កោះកុង÷ លោកជំទាវ មិថុនា ភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុង អញ្អើញជាអធិបតី ក្នុងពិធីបើក និងបិទបញ្ចប់ ព្រមទាំងចែកប័ណ្ណសសើរ ផ្តល់ប្រាក់លើកទឹកចិត្ត ក្រោយពីរកឃើញអ្នកដែលទទួលជ័យលាភីក្នុងការប្រឡង ផ្នែកល្ខោននិយាយឈុតខ្លី និងចម្រៀងសម័យកុមារ ក្នុងខេត្តកោះកុង នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៤ នៅសាលមហោ ស្រពខេត្តកោះកុង។

 

លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត កោះកុង បានថ្លែង គូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧ ដែលមាន សម្តេចមហាបចទើបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានយកចិត្តទុកដាក់លើវិស័យវប្បធម៌ជាតិ ក្នុងនោះសិល្បៈ បានដើរតួនាទីសំខាន់ក្នុងការបម្រើអារម្មណ៍របស់មហាជន និងជាប្រភពនាំ មកនូវភ្ញៀវទេសចរណ៍វប្បធម៌ក្នុងតំបន់ បានបង្កើតការងារដល់ប្រជាពលរដ្ឋ ជួយលើកកម្ពស់ជីវភាពប្រជាជន និងជួយបង្កើនចំណូលដល់ថវិកាជាតិ។ ដើម្បីលើកស្ទួយ អភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ជាតិប្រកបដោយភាពវិជ្ជមាន យើងម្នាក់ៗ ត្រូវបំផុសគំនិតឱ្យមហាជនទូទៅចូលរួម រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី ពិសេសក្នុងស្រទាប់យុវជន និងកុមារ ដែលជាអ្នកបន្តវេនទៅថ្ងៃអនាគត។ 

 

លោកជំទាវបានបន្ថែមថា ការលើកស្ទួយសិល្បៈជាតិ មិនថាក្នុងទម្រង់ណា គឺបានបង្ហាញពីមនសិការរស្នេហាជាតិមួយផ្នែក ពិសេសគឺបានចូលរួម ការពារ ផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណជាតិឱ្យទូលំទូលាយជាសកល។ ស្រទាប់យុវជន និងកុមារ ជាទំពាំងដែល យើងត្រូវសណ្តុះ ថែទាំ និងសាបព្រួសនូវវប្បធម៌ល្អៗ ដល់ពួកគាត់ ដើម្បីរក្សាបាននូវអត្តសញ្ញាណជាតិឱ្យបានគង់វង្ស ជានិច្ចនិរន្តរ៍។ ក្នុងកិច្ចការពារបេតិកភណ្ឌជាតិ យើងត្រូវសិក្សាស្វែងយល់ចងក្រង សិល្បៈ វប្បធម៌ចាស់ៗ បង្កើតវេទិកា ឬកម្មវិធីដើម្បីផ្សព្វផ្សាយ និងជំរុញឱ្យរស់ឡើងវិញនូវសិល្បៈដែលបានបាត់បង់ និងជិតបាត់ បង់។ ក្នុងនោះផងដែរ មហាជនគ្រប់រូប គ្រប់មជ្ឈដ្ឋាន ត្រូវចូលរួមការពារ និងលើកស្ទួយសិល្បៈខ្មែរយើងគ្រប់ទម្រង់ ទៅតាម លទ្ធភាព ដែលអាចធ្វើទៅបាន ព្រោះវាជាព្រលឹងជាតិរបស់យើង ដូចពាក្យស្លោកមួយឃ្លាបានលើកឡើងថា «វប្បធម៌រលត់ ជាតិ រលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន។ 

 

ទាំងអស់ ដែលបានចូលរួមនាឱកាសនេះ នឹងបានយល់ជ្រាបកាន់តែ ច្បាស់អំពីគុណតម្លៃនៃវប្បធម៌ជាតិ បន្តជំរុញលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយៗទៀត ដែលជាអ្នកបន្តវេនឱ្យចេះ ស្រលាញ់ចេះការពារ និងលើកស្ទួយសិល្បៈរបស់ខ្មែរ ទោះមិនបានគ្រប់ទម្រង់ ក៏បានក្នុងទម្រង់ណាមួយដែល យើងមានលទ្ធភាពក្នុងការចូលរួមថែរក្សា។ ជាក់ស្តែង នៅក្នុងកម្មវិធីមហោស្រពសិល្បៈនាឱកាសនេះ យើងមាន ការប្រឡងប្រជែងស្នាដៃសិល្បៈពីរទម្រង់ គឺសម្តែងល្ខោននិយាយឈុតខ្លី និងចម្រៀងសម័យរបស់កុមារ ព្រមទាំងមានការបង្ហាញជូននូវទស្សនីយភាពរបាំប្រពៃណីផងដែរ។ ទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ ក្មួយៗទាំងអស់ ក្នុងការចូលរួមលើកស្ទួយ អភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ជាតិយើងយ៉ាងពិតប្រាកដ។ 

 

លោកជំទាវ សូមលើកទឹកចិត្ត និងជម្រុញ ដល់លោក លោកស្រី លោកនាយក លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ពិសេសក្មួយៗ សូមចូលរួមសកម្មភាពវប្បធម៌ និងសិល្បៈនានា ឱ្យបានខ្លាំងក្លា ដើម្បីចូលរួមថែរក្សា ការពារលើកស្ទួយតម្លៃវប្បធម៌ជាតិ និងដើម្បីភាពជាគំរូដល់ក្មេងជំនាន់ក្រោយ។ 

 

សូមបញ្ជាក់ថា÷ មហោស្រពសិល្បៈយុវជន និងកុមារក្នុងខេត្តដែររៀបចំដោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុងគឺ ដើម្បីជ្រើរើសរកបេក្ខជនឆ្នើមក្នុងខេត្ត ដោយមានចំនួន ២ វិញ្ញាសារ.

វិញ្ញាសាទី១ គឺ ផ្នែកល្ខោននិយាយឈុតខ្លី មានបេក្ខជនចូលរួមប្រឡងចំនួន ៣ ក្រុម និងវិញ្ញាសាទី ២ ចម្រៀងសម័យកុមារ មានបេក្ខជនចូលរួមប្រឡង ចំនួន ៦៤នាក់ ៕