អតីតគ្រូសីលធម៌ម្នាក់ នាទសវត្សរ៍ឆ្នាំ១៩៨០ នៃសាលាបាក់ទូក ចូលសម្រាកពេទ្យ ទទួលបានការលើកទឹកចិត្តពីអតីតកូនសិស្ស និងអតីតមិត្តរួមអាជីពសាលាបាក់ទូកជាមួយគ្នា!
ពាក្យចាស់លោកពោលថា ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ តែងតែបានឃើញ អតីតសិស្សសាលាបាក់ទូកមួយក្រុម ឋិតក្នុងវ័យបច្ឆិម នាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តជាប់ជាប្រចាំ តាមរយៈការប្រមូលផ្តុំគ្នា បំពេញនូវកត្តញ្ញូតាធម៌ និងគុណធម៌ ចំពោះអតីតលោកគ្រូអ្នកគ្រូ ដែលបានចូលនិវត្តន៍ឋិតក្នុងស្ថានភាពចាស់ជរា ក្រោមពាក្យស្លោកដែលបង្កើតរួមគ្នាថា "សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក"។
នារសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុមខាងលើនេះ រួមជាមួយអតីតលោកគ្រូអ្នកគ្រូ សរុបប្រមាណជា ៤០នាក់ បាននាំយកថវិកាសាមគ្គីចំនួន ៥លានរៀល ភេសជ្ជៈចម្រុះ ៨កេស និង ផ្លែឈើ២កន្រ្តក ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកគ្រូ ស្រេង ផល្លា អតីតគ្រូជើងចាស់ឯកទេសសីលធម៌ ប្រចាំសាលាបាក់ទូកតាំងពីអំឡុងឆ្នាំ១៩៨០ បច្ចុប្បន្នមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាល ដោយវះកាត់នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ។
បន្ទាប់ពីបញ្ចប់កម្មវិធីសួរសុខទុក្ខលោកគ្រូ ស្រេង ផល្លា អតីតមិត្តរួមជំនាន់ឆ្នាំ១៩៨០ រួមជាមួយអតីតលោកគ្រូអ្នកគ្រូ នៃសាលាបាក់ទូក បានជួបជុំគ្នា ពិសារអាហារសាមគ្គី ប្រកបដោយភាពសប្បាយរីករាយ និងមនោសញ្ចេតនាស្និទ្ធស្នាល។