លោកភូថង សេវុទ្ឍី ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែង ជាអភិបាលក្រុងខេមរៈភូមិន្ទ បន្ទាប់ពីលោកប្រាក់ វិចិត្រ ចេញមកក្រុមប្រឹក្សាក្រុង
កោះកុង÷ ពិធីផ្លាស់ប្ដូរមុខតំណែង អភិបាលក្រុងខេមរៈភូមិន្ទ លោក ភូថង សេរីវុឌ្ឍី ត្រូវបានរដ្ឋបាលខេត្តកោះកុងរៀបចំប្រកាសចូលកាន់មុខតំណែង ជាអភិបាលក្រុងខេមរភូមិន្ទថ្មី នៅរសៀលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ បន្ទាប់ពីលោកប្រាក់ វិចិត្រ អភិបាលក្រុងចាស់ចេញមកក្រុមប្រឹក្សាក្រុង។ យោងតាម អនុក្រឹត្យលេខ ៧៩៥ អនក្រ.តត ចុះថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ស្ដីពីការតែងតាំងមន្ត្រីរាជការ។
ពិធីនេះបានប្រព្រឹត្តធ្វើនៅសាលាក្រុងខេមរៈភូមិន្ទ ក្រោមអធិបតីភាព ឯក ឧត្តម ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលមាន ការអញ្ជើញចូលរួមពី ឯកឧត្តម លោក ជំទាវ លោក លោកស្រី មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ។
បន្ទាប់ពីទទួលបានការតែងតាំង លោកភូថង សេរីវុទ្ឍី បានធ្វើការផ្ដាច់ញាចិត្តថា÷
គោរពនិងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ អនុវត្តតាមច្បាប់ កម្មវិធីគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិនានារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ។ ប្តេជ្ញាពង្រឹងថែរក្សាស្មារតី សាមគ្គីភាពឯកភាពផ្ទៃក្នុង បង្កើតទំនាក់ទំនងសហការល្អជាមួយក្រុម ប្រឹក្សា. រួមទាំងអង្គភាពពាក់ព័ន្ធ។ គោរពគាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅកម្មវិធីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាអទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលពិសេសការអនុវត្តវិធានការគន្លឹះទាំង ៥ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គោល នយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមមជ្ឈការ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ក្នុងឱកាសពិធីតែងតាំងនេះ លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង បានកោតសរសើរដល់លោកអភិបាលក្រុងខេមរៈភូមិន្ទមុន លោកប្រាក់ វិចិត្រ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បំពេញការងារ ភារកិច្ចបានយ៉ាងល្អប្រសើរ។ ហើយលោកជំទាវក៏បានផ្តាំផ្ញើរដល់ លោកអភិបាលក្រុងដែលទើបនិងតែងតាំងថ្មី សូមបន្តយកចិត្តទុកដាក់ សហការក្នុងការចូលរួមដឹកនាំ គ្រប់គ្រងនិងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យស្របតាមនិងលិខិតបទដ្ឋានគតិយុត្តិនានាដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ បានដាក់ចេញឲ្យអនុវត្ត និងខិតខំចូលរួមបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕