ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:០៦:១២ ល្ងាច

គណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) មកពីតំបន់រដ្ឋបាលពិសេសហុងកុង បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើ ឧស្សាហកម្មវាយនភ័ណ្ឌនៅកម្ពុជា

គណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) មកពីតំបន់រដ្ឋបាលពិសេសហុងកុង បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើ ឧស្សាហកម្មវាយនភ័ណ្ឌនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូអញ្ជើញមកពី សម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) ដឹកនាំដោយ លោកបណ្ឌិត William Kwok Lun Fung អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង ចូលចួបសម្តែងការគួរសម និងពិភាក្សាការងារ។

ថ្លែងក្នុងកិច្ចពិភាក្សានាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមាននានា របស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។

បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការច្រកចេញចូលតែមួយក្នុងការសម្របសម្រួល ជាមួយនឹងបែបបទនៃការវិនិយោគដែលមានភាពបត់បែន សំដៅលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមាន ជវភាព ភាពទាក់ទាញ ភាពអំណោយផលខ្ពស់ និងអនុគ្រោះបំផុត។ 

ជាមួយគ្នានេះ គណៈប្រតិភូនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង ក៏បានសម្តែងនូវការស្ញើចសរសើរចំពោះការពន្យល់បកស្រាយយ៉ាងក្បោះក្បាយពីមួយចំណុច ទៅមួយចំណុចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានកត់សម្គាល់លើការផ្លាស់ប្តូរមុខមាត់របស់កម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់ទទួលវិនិយោគិនពីបរទេស ពិសេសការគិតគូរពីបរិស្ថាន ការប្រើប្រាស់នូវថាមពលកកើតឡើងវិញ និងការលើកកម្ពស់កម្លាំងពលកម្មរបស់ស្ត្រី ក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធ។ គណៈប្រតិភូ បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាព និងឱកាសដាក់ទុនវិនិយោគរបស់ខ្លួន មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ដោយផ្តោតជាពិសេសលើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់ នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស ដែលមានសក្តានុពលផងដែរ៕