ថ្ងៃព្រហស្បតិ៍ ៣០-មករា-២០២៥ ១២:២៦:០៦ ល្ងាច

នគរបាលជំនាញចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមភ្លើងស្តុប រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍

នគរបាលជំនាញចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមភ្លើងស្តុប រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍

បន្ទាយមានជ័យ៖ នគរបាលជំនាញចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមភ្លើងស្តុប រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព។ 
  ជាមួយនឹងការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមភ្លើងស្តុបនៅក្រុងប៉ោយប៉ែតនេះ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ បោន ភក្ត្រា  អធិការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែក មាននាយរងផ្នែក និងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក និងមានការចូលរួមពីឯកឧត្តម គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានចុះផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពចំនួន២០០មួក ដែលជាអំណោយរបស់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជូនដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ការពារសុវត្ថិភាព។
លោកវរសេនីយ៍ទោ បោន ភក្ត្រា បានប្រាប់ថា៖ ការបំពាក់ កាមេរ៉ាសុវត្ថិភាពនេះនឹងអាចជួយសមត្ថកិច្ចក្នុងការឃ្លាំមើលបទល្មើស និងបង្កើនការគោរពច្បាប់ចរាចរណ៍ កាមេរ៉ាសុវត្ថិភាពនេះនឹងក្លាយជាឧបករណ៍ និងភស្តុតាងសំខាន់ក្នុងការអនុវត្តច្បាប់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងជួយសម្រួលដល់សមត្ថកិច្ចក្នុងការរក្សាសណ្តាប់ធ្នាប់ និងបង្រ្កាបបទល្មើសក្នុងក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ បានបញ្ជាក់ថា៖ ការបំពាក់កាមេរ៉ានេះមានសារៈសំខាន់ក្នុងការទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក៏ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ និងការមិនគោរពច្បាប់ចរាចរណ៍ពីអ្នកដំណើរទូទៅដែលបំពានស្លាកសញ្ញា ភ្លើងស្តុប ហើយសមត្ថកិច្ចនឹងធ្វើការផាកពិន័យទៅតាមភស្តុតាងជាក់ស្តែង ដែលមានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព។ សូមសំំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាព សូមដាក់កាមេរ៉ាសុវត្ថិភាព ព្រោះកាមេរ៉ាសុវត្ថិភាពនេះ ជាភស្តុតាងយ៉ាងសំខាន់ សំរាប់ឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលាផងដែរ៕(សៅ នៅ)