“ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃ និងបំផ្លាញបានឡើយ”
នេះជាការលើកឡើងរបស់ លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី និងជាប្រធានក្រុមការងារចុះជួយឃុំបាតាង ស្រុកលំផាត់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា«៧ មករា ១៩៧៩ - ៧ មករា ២០២៥» ដែលបានប្រារព្ធធ្វើ នៅឃុំបាតាង ស្រុកលំផាត់ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អ្នកចូលរួមប្រមាណជាង១០០នាក់។
លោក កុល ផាន់ណា បន្តថា ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណង សាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យជា មូលដ្ឋានគ្រឹះសម្រាប់ឱ្យមាតុភូមិយើង ឈានទៅសម្រេចគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។
លោកថា រាជរដ្ឋាភិបាលកម្ពុជា ពីមួយជំនាន់ទៅមួយជំនាន់ បានដឹកនាំប្រទេសកម្ពុជា ឱ្យទទួលបានសន្តិភាពពេញលេញ មានការឯកភាពរួបរួមជាតិ អភិវឌ្ឍន៍ទឹកដី ក្នុងល្បឿនគួរឱ្យមោទនៈ ពិសេសក្នុងអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ជាក់ស្តែងសម្តេចធិបតី ត្រូវបានទទួលការគាំទ្រយ៉ាងទូ លំទូលាយពីប្រជាជន ដោយបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការគាំទ្រ មានទំនុកចិត្តលើការគ្រប់គ្រងដឹកនាំ និងបន្តដំណើរការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដោយផ្អែកទៅលើសាមគ្គីភាព គតិបណ្ឌិត ទេព្យកោសល្យ ភាពអង់អាចក្លាហាន និងសេចក្តីព្យាយាម ដើម្បីជម្រុញនូវការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងសង្គមជាតិ ឆ្ពោះទៅរកភាពកាន់តែរីកចម្រើនរុងរឿង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គ្រប់ស្រទាប់ជាន់ថ្នាក់ ឱ្យកាន់តែល្អប្រសើរ។
តាមរយៈនៃអង្គពិធីនេះ លោក កុល ផាន់ណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន យុវនារី ដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ត្រូវតបស្នងសងគុណចំពោះបុព្វការីជន និងអ្នកស្នេហាជាតិទាំងអស់ ដោយត្រូវប្រែក្លាយគុណតម្លៃ និងចងចាំសច្ចភាពប្រវត្តិសាស្ត្រ ប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការរក្សាការពារស្មារតីជ័យជំនះ ៧ មករា ឱ្យបានស្ថិតស្ថេរគង់វង្ស៕