ថ្ងៃព្រហស្បតិ៍ ៣០-មករា-២០២៥ ១២:៣៦:១៨ ល្ងាច

មន្រ្តីនគរបាលជាតិប្រមាណ៧០០នាក់ ដែលទើបប្រលងជាប់ក្របខ័ណ្ឌបំពេញជួសប្រចាំឆ្នាំ២០២៤ និងត្រូវទៅបំពេញការងារនៅតាមប៉ុស្តិ៍នគរបាលនៅស្រុកកំណើតរៀងខ្លួន

មន្រ្តីនគរបាលជាតិប្រមាណ៧០០នាក់ ដែលទើបប្រលងជាប់ក្របខ័ណ្ឌបំពេញជួសប្រចាំឆ្នាំ២០២៤ និងត្រូវទៅបំពេញការងារនៅតាមប៉ុស្តិ៍នគរបាលនៅស្រុកកំណើតរៀងខ្លួន

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានរៀបចំការប្រឡងក្របខ័ណ្ឌមន្រ្តី​នគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ដោយមានការចូល​រួមពីបេក្ខជនមកពីគ្រប់រាជធានី ខេត្ត ជាច្រើនពាន់នាក់។ ឆ្លងកាត់ការប្រឡងប្រកបដោយសុក្រឹត្យភាព ទាំងសមត្ថភាព កម្ពស់ និងកាយសម្បទា លទ្ធផលប្រឡងជាប់ជាស្ថាពរ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្នុងនោះក៏មានបេក្ខជនជាប់ក្របខ័ណ្ឌនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រមាណ៧០០នាក់ផងដែរ។  
ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សម្រាប់បេក្ខជនប្រមាណ៧០០នាក់នេះ ពួកគេសុទ្ធតែជាកូនចៅប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ក្រុង ស្រុក និងខណ្ឌនោះផ្ទាល់តែម្ដង ពោលគឺមិនមែន​ជាអ្នកមកពីស្រុក ឬខេត្តឆ្ងាយនោះឡើយ។ ឯកឧត្តមបណ្ឌិត​បន្ថែមថា ការប្រឡងជ្រើសរើសបានយ៉ាងដូច្នេះ គឺជាលទ្ធផលនៃកំណែទម្រង់នគរបាលជាតិ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ឯកឧត្តមអភិសន្តិបណ្ឌិត បានដាក់គោលការណ៍​ណែនាំឱ្យអនុវត្តការប្រឡងជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដោយផ្ដល់អាទិភាពឱ្យបេក្ខជនដែលមានមូលដ្ឋាន​នៅទីនោះស្រាប់ ដ្បិតពួកគេជាអ្នកស្គាល់ច្បាស់ពីភូមិសាស្រ្ត និងចិត្តសាស្រ្តប្រជាជន ហើយក៏គ្មានហេតុផលអ្វីត្រូវសុំផ្លាស់ចេញ​ក្រោយការតាំងស៊ុបនោះដែរ។  
សូមបញ្ជាក់ថា បើយោងតាមលទ្ធផលជាប់ស្ថាពរដែលត្រូវបាន​ប្រកាសផ្សាយកាលពីពេលថ្មីនេះ សម្រាប់ក្របខណ្ឌមន្រ្តី​នគរបាលជាតិ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំងប្រមាណ៧០០នាក់នោះ ខេត្តកំពង់ឆ្នាំងមាន៥៩នាក់ កណ្ដាល៦៤នាក់ ក្រចេះ៣០នាក់ កំពង់ស្ពឺ៦២នាក់ កោះកុង៦នាក់ ប៉ៃលិន៥នាក់ តាកែវ៦០នាក់ បាត់ដំបង៦៨នាក់ ពោធិ៍សាត់៧៧នាក់ ព្រះសីហនុ១៥នាក់ មណ្ឌលគិរី២នាក់ រតនគិរី៦នាក់ រាជធានីភ្នំពេញ៩៤នាក់ សៀមរាប៨៣នាក់ ស្វាយរៀង៤៣នាក់ និងឧត្តរមានជ័យ៣៧នាក់។ ឯកឧត្តមបណ្ឌិត បានលើកឡើងទៀតថា មុនចេញទៅបំពេញការងារនៅ​ប៉ុស្តិ៍នគរបាលដែលខ្លួនប្រឡងជាប់ បេក្ខជនទាំងអស់​ត្រូវឆ្លង​កាត់ការបណ្ដុះបណ្ដាល និងជាប់កម្រិតបឋម​វិជ្ជាជីវៈនគរបាល ដឹកនាំរៀបចំដោយបណ្ឌិត្យសភានគរបាលជាតិ ដោយមាន​សាលានគរបាលជាតិតាមបណ្ដាភូមិភាគជាសេនាធិការ៕
ក្រសួងមហាផ្ទៃ