ឯកឧត្តម នេត្រ ភក្ត្រា ជំរុញអោយប្រធានមន្ទីរព័ត៌មានដែលទើបតែងតាំងថ្មី ត្រូវសហការជាមួយមន្ទីរ អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅលើវិស័យព័ត៌មាន
(បាត់ដំបង) ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាតដំបងថ្មី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញផ្ដាំផ្ញើទៅដល់ប្រធានមន្ទីរព័ត៌មានដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅលើវិស័យព័ត៌មាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសត្រូវអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សារព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងសង្គម សម្រាប់ជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង និងជាស្ពានចម្លងព័ត៌មានពីប្រជាពលរដ្ឋ ទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំ មកប្រជាពលរដ្ឋវិញអំពីហេតុការណ៍ ស្ថានភាពនៅតាមមូលដ្ឋាននានា សេចក្តីត្រូវការ និងការស្នើសុំជាដើម ដើម្បីឱ្យការងារទាំងនេះប្រព្រឹត្តទៅរលូន លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ពិសេសប្រធានមន្ទីរព័ត៌មានថ្មីត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និងមន្ទីរនានាជុំវិញខេត្តឱ្យបានល្អ។
នាឱកាសនោះដែរលោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានដែលទើបប្រកាសចូលកាន់មុខតំណែង បានប្តេជ្ញាចិត្ត ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពតាមរដ្ឋធម្មនុញ្ញ, ប្តេជ្ញារួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ខិតខំគោរព និងអនុវត្តតាមបទបញ្ជា គោលការណ៍ណែនាំចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងនិងរដ្ឋបាលខេត្ត , ប្តេជ្ញាប្រកាន់យកអភិក្រមបុរេសកម្ម ក្នុងការអនុវត្តការងារប្រកបដោយភាពផ្តួចផ្តើម និងច្នៃប្រឌិតស្របតាមបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយជាវិជ្ជមាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែទូលំទូលាយ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងប្តេជ្ញាអនុវត្តតាមតួនាទីភារកិច្ច និងកិច្ចការដទៃទៀតដែលក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តបាត់ដំបង ប្រគល់ជូនព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ ស្ថាប័ន អង្គភាពនានា និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការពង្រីកវិស័យព័ត៌មាន និងសោតទស្សន៍ និងប្រែក្លាយតួនាទីមន្ទីរព័ត៌មានឱ្យក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋបាលខេត្តបាត់ដំបង៕