អគ្គស្នងការនគរបាលជាតិ វាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាល ដែលបានបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត គំនិត ប្រាជ្ញ ស្មារតីបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់។
ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា ផ្អែកលើការតាមដានលើរបាយការណ៍ជាប់ជាប្រចាំ បានពិនិត្យឃើញថា បទល្មើសព្រហ្មទណ្ឌជារួមឆ្នាំនេះ មានការថយចុះគួរឲ្យកត់សម្គាល់។ ទន្ទឹមនោះកិច្ចប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើស គ្រឿងញៀន អំពើជួញដូរមនុស្ស អាជីវកម្ម និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ រួមទាំងសកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ ក៏ត្រូវបានធ្វើការបង្ក្រាបយ៉ាងសកម្មផុលផុស ស្របពេលដែលស្ថានភាព សណ្តាប់ធ្នាប់ចរាចរណ៍មានលក្ខណៈល្អប្រសើរជាងមុន៕