អាជ្ញាធរក្រុងច្បារមន ឱ្យបង្កើនការប្រុងប្រយ័ត្ន និងបង្ការគ្រោះអគ្គិសភ័យលើដំណាំស្រូវ ខណៈកសិករ បាននិងកំពុងប្រមូលផល
កំពង់ស្ពឺ៖ អភិបាលក្រុងច្បារមន លោក ទឹម ផានូ បានណែនាំដល់ប្រជាពលរដ្ឋដែលមានស្រូវជិតប្រមូលផលទាំងអស់ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ ទប់ស្កាត់ ចំពោះអគ្គិភ័យទាំងឡាយដែលបង្កឡើងពីបាតុភូតផ្សេងៗ ធ្វើឱ្យឆាបឆេះរាលដាលដល់ដំណាំស្រូវ។
លោក ទឹម ផានូ បានឱ្យដឹងថា គិតមកទល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ប្រជាកសិករ ដែលបានបង្កបង្កើនផលប្រភេទស្រូវធ្ងន់ ខ្លះនៅមិនទាន់បានប្រមូលផលនៅឡើយទេ គ្រាដែលអ្នកខ្លះទៀត បាននិងកំពុងច្រូតកាត់ និងខ្លះទៀតក៏រួចរាល់ហើយ។ ផលស្រូវខ្លះនៅមិនទាន់បានប្រមូលផលក៏ស្របពេលរដូវរំហើយបានឈានចូលមកដល់ និងបន្តចូលដល់រដូវប្រាំង ដែលធ្វើឱ្យធាតុអាកាសមានសភាពក្តៅស្ងួត និងមានខ្យល់បក់ខ្លាំង ងាយក្នុងការបង្កជាអគ្គិភ័យឆាបឆេះ រាលដាលដល់ដំណាំស្រូវ និងជញ្ជាំងនៅតាមវាលស្រែ ដែលអាចធ្វើឱ្យមានការខាតបង់ខ្ពស់នូវប្រយោជន៍ប្រជាពលរដ្ឋ និងប៉ះពាល់ដល់បរិស្ថាន ផងដែរ។
ដោយមើលឃើញពីបញ្ហាប្រឈមនេះ លោកអភិបាលក្រុងច្បារមន បានធ្វើការណែនាំដល់អ្នកដែលបាននិងកំពុងប្រមូលផល ពិសេសស្រូវនៅមិនទាន់ទុំល្អ ឬមិនទាន់មានគ្រឿងយន្តសម្រាប់ច្រូត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារនូវគ្រោះអគ្គិសភ័យដែលកើតឡើងជាយថាហេតុ។ ទន្ទឹមនោះក៏បានហាមដាច់ខាតនូវរាល់ទង្វើខុសឆ្គង និងសកម្មភាពធ្វេសប្រហែសដែលបង្កមកពីការដុតជញ្ជាំងស្រែ ដុតភ្នក់ភ្លើង ដុតសំរាម និងការតភ្ជាប់ ឬប្រើប្រាស់ចរន្តអគ្គិសនីមិនបានត្រឹមត្រូវ។
ជាមួយនឹងការណែនាំនេះ រដ្ឋបាលក្រុងក៏រំពឹងថា ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលប្រើប្រាស់វាលស្រែដើម្បីប្រម៉ាញ់សត្វជាដើម ចូលរួមសហការអនុវត្តតាមការណែនាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងមានប្រសិទ្ធភាពខ្ពស់ដើម្បីគេចផុតពីការខាតបង់ផ្សេងៗ៕