កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ ឆ្លុះបញ្ចាំងឧត្តមភាពសហគ្រិនភាពនៅកម្ពុជា
ភ្នំពេញ ៖ កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ បានជ្រើសរើសជ័យលាភី ជាក្រុមហ៊ុន និងក្រុមប្រកួត ដែលបានបង្ហាញនវានុវត្តន៍ និងការរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា។ កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដោយបិទបញ្ចប់ការប្រកួតប្រជែងរយៈពេលពេញមួយឆ្នាំ ក្នុងចំណោមបេក្ខជនចូលរួមជិត ២.០០០ ក្រុម និងក្រុមហ៊ុន។
ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ជ័យលាភីទាំងអស់ និងបានលើកទឹកចិត្តអ្នកចូលរួមប្រកួត ឱ្យខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែម ដើម្បីចាប់យកឧត្តមភាព។ ឯកឧត្តមបានលើកឡើងថា៖ "ភាពជោគជ័យមិនមែនស្ថិតនៅលើពានរង្វាន់នារាត្រីនេះតែមួយមុខទេ។ សហគ្រិនគួរមានភាពក្លាហាន ហ៊ានចូលរួមប្រកួតប្រជែង សាកល្បងសមត្ថភាព ទទួលយកចំណេះដឹងថ្មីៗ និងប្រែក្លាយឧបសគ្គជាឱកាសដើម្បីភាពជោគជ័យនាពេលខាងមុខ”៕