ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:៣១:០២ ល្ងាច

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីអបអរសាទរខួបលើកទី៧១ ទិវាបុណ្យឯករាជជាតិ

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីអបអរសាទរខួបលើកទី៧១ ទិវាបុណ្យឯករាជជាតិ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧១ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤ ដែលប្រទេសកម្ពុជាយើងទទួលបានឯករាជ្យពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំង។ 

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំង មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។ 

ថ្លែងក្នុងអង្គពិធីនាពេលនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានគូសបញ្ជាក់ថា៖ ក្នុងនាមរដ្ឋបាលខេត្តកណ្តាល ឯកឧត្តម បានថ្លែងដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង ដោយថ្ងៃនេះរដ្ឋបាលខេត្តកណ្តាល បានរៀបចំប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៤។ 

ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនាថ្ងៃនេះ ប្រារព្ធឡើងដើម្បីសំដែងនូវមនោសញ្ចេតនារីករាយ និងការរំលឹកដឹងគុណូបការៈ និងស្នាព្រះហស្ថដ៍ឧត្តុង្គថ្លៃថ្លា ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំកម្លាំងប្រដាប់អាវុធ ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ជូនប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ទទួលបានឯករាជ្យពេញបរិបូរណ៍ទាំងស្រុង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ 

ឯកឧត្តម បានថ្លែងទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជាចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ន តែងតែដង្ហែតាមព្រះរាជតម្រិះដ៍ថ្លៃថ្លា និងក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងការថែរក្សាសុខសន្តិភាព ឯករាជ្យជាតិ បង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងទិសដៅថែរក្សាការពាររដ្ឋធម្មនុញ្ញ និងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ សំដៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ 

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងដោយធ្វើការប្តេជ្ញាដង្ហែរតាមព្រះរាជតម្រិះដ៍ថ្លៃថ្លារបស់អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និងចូលរួមគាំទ្រយ៉ាងពេញទំហឹងក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៍ ប្រសិទ្ធិភាព និងចីរភាព ជាមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕