ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:០៨:៣៩ ល្ងាច

រដ្ឋសភា នឹងធ្វើម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ដោយពិភាក្សា និងអនុម័តលើ ធម្មនុញ្ញសន្តិភាព

រដ្ឋសភា នឹងធ្វើម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ដោយពិភាក្សា និងអនុម័តលើ ធម្មនុញ្ញសន្តិភាព

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពហៅកាត់ថា(IPTP)លើកទី១១ ហើយក៏ពិភាក្សា និងអនុម័តលើ «ធម្មនុញ្ញសន្តិភាព» ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការដឹកនាំ និងរៀបចំ សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ នាព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់ថា សភាកម្ពុជាដែលមានរដ្ឋសភា និងព្រឹទ្ធសភា នឹងធ្វើជាម្ចាស់ផ្ទះ នៃសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកឡើងថា សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ជាវេទិកាមួយដើម្បីលើកកម្ពស់កិច្ចសន្ទនាពហុភាគីស្តីពីសន្តិភាព ដែលមានសមាជិកជាង៩០ ប្រទេស។
ឯកឧត្តម សួស យ៉ារ៉ា បានបន្ដថា កិច្ចប្រជុំពេញអង្គលើកទី១១ (IPTP) ដែលសភាកម្ពុជាធ្វើជាម្ចាស់នឹងពិភាក្សា និងអនុម័ត “ធម្មនុញ្ញសន្តិភាព សម្រាប់មនុស្សជាតិ និងភពផែនដី” ដែលជាការផ្តួចផ្តើម ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមគ្គុទេសក៍សន្តិភាពរបស់កម្ពុជា។ ឯកឧត្តមប្រធានគណៈកម្មការទី៥នៃរដ្ឋសភាបានឱ្យដឹងទៀតថា សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពមានសមាជិក១០៥ប្រទេស ហើយសភាអន្តរជាតិនេះបានបង្កើតឡើងក្នុងគោលដៅមួយគឺដើម្បីបង្កើននៃកិច្ចសហប្រតិបត្តិការនិងជំរុញការការអភិវឌ្ឍ វិបុលភាពលើមូលដ្ឋានគ្រឹះនៃភាពអត់ឱន និងសនិ្តភាពនៅក្នុងឆ្នាំ២០១៧។
បើតាមឯកឧត្តម សួស យ៉ារ៉ា សភានៃអារ៉ាប់រួមអេមីរ៉ាត ជាមួយបណ្តាសភា នៃប្រទេសអឺរ៉ុប អាម៉េរិកឡាទីន សភាអាហ្វ្រិក និងបណ្តាប្រទេសនៅ អាស៊ីត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព។ ឯកឧត្តមប្រធានគណៈកម្មការទី៥នៃរដ្ឋសភាបានបន្ថែមថា កាលពីឆ្នាំ២០២២ ឯកឧត្តមជាតំណាងបានចូលរួមកិច្ចប្រជុំសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនៅក្នុងប្រទេស អារ៉ាប់រួមអេមីរ៉ាត ហើយនៅពេលប្រជុំ ក៏មានការចូលរួមពីតំណាងរដ្ឋសភានានាមកពីប្រទេសផ្សេងៗគ្នា និងមានសាសនាផ្សេងៗគ្នា ហើយភាគីទាំងនោះបានធ្វើប្រាស្រ័យទាក់ទងគ្នា ក៏មានពិភាក្សានិងយល់ពីគ្នា ព្រោះថាកម្ពុជាក៏មានប្រវត្តិក្នុងការឆ្លងកាត់ ដែលបានធ្វើការចែករំលែកបទពិសោធន៍ទៅកាន់បណ្តាប្រទេសផ្សេងៗទៀតផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តមប្រធានគណៈកម្មការក៏បានបញ្ជាក់ឱ្យដឹងផងដែរថា សភាកម្ពុជាបានចូលរួមជាផ្លូវការក្នុងបណ្តាញសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពកាលពីខែកក្កដា ឆ្នាំ២០២២ នៅប្រទេសម៉ារ៉ុក។ ឯកឧត្តមបានអះអាងថា៖« អីចឹងក្នុងនាមតំណាងប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការបរទេស គឺត្រូវបានសម្តេចប្រធានរដ្ឋសភាចាត់តាំងជាតំណាងចូលរួមក្នុងកិច្ចប្រជុំពេញអង្គតែម្តង។ អីចឹងខ្ញុំក៏ទទួលជាអាណត្តិប្រធាននៃសភាដើម្បីភាពអត់ឱន និងសន្តិភាព ដោយតំណាងឱ្យ ១០៥ ប្រទេស »៕