សម្តេចតេជោ ហ៊ុន សែន អញ្ជើញ សំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ
នៅល្ងាចថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ ដែលពិធីនេះបានប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌ជ្រោយចង្វារ។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណសម្រាប់ការរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមតារាបាល់ទាត់តារាកម្ពុជា និងក្រុមគុនខ្មែរនាល្ងាចនេះ។ សម្តេចតេជោបានមានប្រសាសន៍សម្តែងនូវការអបអរសាទរចំពោះការប្រកួតរបស់កីឡាករបាល់ទាត់គុនខ្មែរ ដែលទទួលបានថវិការហូតដល់ប្រមាណ១ពាន់លានរៀលកាលពីពេលកន្លងទៅនេះ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ទៀតបន្តថា កីឡាគុនខ្មែរយើងបច្ចុប្បន្ននេះ កំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញតែប៉ុណ្ណោះ។ សម្តេចបន្តថា កីឡាគុនខ្មែរនឹងរីកចម្រើន លូតលាស់ជាងនេះនាពេលខាងមុខ បើសិនជាមានការគាំទ្រអោយបានដិតដល់ជាងនេះទៀត។ សម្តេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការផ្គូរផ្គងកីឡាករឱ្យប្រកួតរាល់សប្តាហ៍ពេក នឹងធ្វើឱ្យខូចកីឡាករ និងឆាប់ចុះខ្សោយកម្លាំង។ សម្តេចតេជោបានណែនាំឱ្យអ្នកគ្រប់គ្រងកីឡាករប្រដាល់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការផ្គូរផ្គងកីឡាករ មិនអាចផ្គូរផ្គងឱ្យប្រកួតរាល់សប្តាហ៍នោះទេ មិនអាចចេះតែធ្វើតាមចំណង់ចំណូលចិត្តនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការខ្វះកីឡាករ កីឡាការិនីប្រដាល់ ព្រោះខ្វះខាតការបណ្តុះបណ្តាលជំនាញកីឡា។ សម្តេចបានស្នើឱ្យមានការពិចារណាជួយគាំទ្រ ការបណ្តុះបណ្តាលតាមបណ្តាក្លឹបគុនខ្មែរនៅតាមខេត្តនានាទូទាំងប្រទេស។ សម្ដេចក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់សូមចូលរួមលើកកម្ពស់គុនខ្មែរ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបគុនខ្មែរនានា ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់កីឡាករ និងដើម្បីភាពរីកចម្រើននៃកីឡាគុនខ្មែរយើងនាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យអ្នកជំនាញកីឡាចុះទៅស្រាវជ្រាវ ពីបញ្ហាកីឡាប្រដាល់នៅខេត្តបាត់ដំបង ដែលខេត្តនោះមានក្រុមកីឡាករប្រដាល់ច្រើន មានក្លឹបហ្វឹកហាត់ក៏ច្រើន ហើយក៏មានការប្រកួតច្រើនណាស់ដែរ ប៉ុន្តែតម្លៃខ្លួនតិចតួចបំផុត។
ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកមានធនធាន ដូចជាប្រធានក្រុមហ៊ុន ជាឧកញ៉ា និងជាឧបនាយករដ្ឋមន្ត្រីជាដើម សូមជួយឧបត្ថម្ភក្លឹបគុនខ្មែរនៅតាមខេត្តនានា ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ ដឹងដើម្បីលើកទឹកចិត្តដល់កីឡាករប្រដាល់ ព្រមទាំងដើម្បីឲ្យវិស័យគុនខ្មែរកាន់តែរីកចម្រើនទៅមុខទៀត៕