លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំការពង្រឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុ
ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំការពង្រឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមមានតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត លោកនាយករងទីចាត់ការហិរញ្ញវត្ថុខេត្ត មន្ត្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ និងអ្នកទទួលការក្នុងខេត្តព្រះសីហនុផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានធ្វើបទបង្ហាញអំពីដំណើរការនៃការរៀបចំសំណើគម្រោង នីតិវិធីលទ្ធកម្ម និងការតាមដានការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយអនុលោមតាមសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។ បន្ថែមពីនេះ ក៏បានធ្វើផ្សព្វផ្សាយខ្លឹមសារលិខិត២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិ ឃុំ សង្កាត់ និងលិខិតលេខ៣១៨ សជណ/អរប ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ស្តីពីការផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ផងដែរ។ ជាមួយគ្នានេះអង្គប្រជុំក៏មានការពិភាក្សា ពិគ្រោះយោបល់ ដោយលើកឡើងអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការ នៃការអនុវត្តគម្រោងមូលនិធិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។
ជាចុងក្រោយ លោក មីន កុម្ភៈ អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានផ្តាំផ្ញើឱ្យឃុំ សង្កាត់ទាំងអស់ ត្រូវពង្រឹងការចុះពិនិត្យ និងតាមដានក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ឱ្យបានហ្មត់ចត់ ដើម្បីទទួលបានសមិទ្ធផលមានគុណភាព និងធានាការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយូរអង្វែង។