ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:០០:៤២ ល្ងាច

មន្រ្តីជាន់ខ្ពស់នៃក្រសួងដែនដី ស្នើដល់អាជ្ញាធរដែនដី និងមន្ទីរជំនាញ ចូលរួមសហការគ្នា ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាព

មន្រ្តីជាន់ខ្ពស់នៃក្រសួងដែនដី ស្នើដល់អាជ្ញាធរដែនដី និងមន្ទីរជំនាញ ចូលរួមសហការគ្នា ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាព

មណ្ឌលគិរី៖ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ចូលរួមសហការ ជាមួយមន្ទីរជំនាញ ឲ្យកាន់តែប្រសើរថែមទៀត ដើម្បីផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាពស្របតាមគោលនយោបាយរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្ត ជូនដល់ប្រជាពលរដ្ឋ។ 

ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ បានផ្ដល់នូវអនុសាសន៍មួយចំនួន ក្នុងការជម្រុញការអនុវត្តការងារឲ្យបានកាន់តែប្រសើរ មានប្រសិទ្ធិភាព ស្របតាម ទិសដៅ នៃយុទ្ទសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដូចជា៖ ជម្រុញការលើកទឹកចិត្តជូនដល់មន្ត្រីដែលខិតខំបំពេញការងារ - ជម្រុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ - ជម្រុញការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងចុះបញ្ជីដីរដ្ឋឲ្យបានចប់ - ជម្រុញការចែកបណ្ណជូនប្រជាពលរដ្ឋ - ជម្រុញការដោះស្រាយវិវាទដីធ្លី - ជម្រុញការធ្វើប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីទូទាំងខេត្ត - ជម្រុញការគ្រប់គ្រងសំណង់ ទប់ស្កាត់សំណង់សាងសង់គ្មានលិខិតអនុញ្ញាត សំណង់លើដីសាធារណៈរបស់រដ្ឋ និងសំណង់សាងសង់ខុសលិខិតអនុញ្ញាត - ជម្រុញការធ្វើបច្ចុប្បន្នភាព ទីតាំងលំនៅឋានបណ្តោះអាសន្ននៅលើដីសាធារណៈ និងដីឯកជនរបស់រដ្ឋ - ជម្រុញការគិតគូរដល់ប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ និងអតីតកងកម្លាំងប្រដាប់អាវុធ តាមរយៈការធ្វើសម្បទានដីសង្គមកិច្ច។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា  ក្នុងរយៈពេល១ឆ្នាំ ដើមអាណត្តិទី៧ នៃរដ្ឋសភា រដ្ឋបាលខេត្តមណ្ឌលគិរី បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជម្រុញការអនុវត្តការងារសំខាន់ៗ មួយចំនួនជាអាទិភាព ស្របតាមគោលនយោបាយដាក់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួមមាន៖ - បានកំណត់យកការចុះបញ្ជីដីបង្ហើយដែលជាការងារអាទិភាពចំពោះមុខ សំដៅបញ្ចប់ការងារ វាស់វែងដីធ្លីនៅក្នុងខេត្ត កែសម្រួលភាពមិនច្បាស់លាស់ កាត់បន្ថយជម្លោះលើព្រំដីកាន់កាប់ ផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ សន្តិភាពផ្លូវចិត្ត ដើម្បីពង្រឹងសុវត្តិភាពនៃការកាន់កាប់ដីធ្លី និងកសាង សង្គមសុខដុម ជាក់ស្ដែងក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ជាខេត្តមួយត្រូវបាន ប្រកាសតំបន់វិនិច្ឆ័យ ក្រោមយុទ្ធនាការចុះបញ្ជីដីធ្លី គាំទ្រដោយអន្តរក្រសួង រហូតបាន សម្រេចលើភូមិទាំង ៩២ភូមិ ក្នុងខេត្ត។ - ជម្រុញការចែកបណ្ណជាប្រចាំជូនដល់ប្រជាពលរដ្ឋ នៅគ្រប់បណ្តាក្រុង ស្រុក ក្នុង ខេត្តមណ្ឌលគិរី ដើម្បីឲ្យស្របទៅនឹងយុទ្ធសាស្ត្រ ដោយបង្កើតបាននូវបរិយាកាសគ្មាន វិវាទដីធ្លី សេវាគាប់ចិត្ត។ - អនុវត្តការចុះបញ្ជីដីរដ្ឋកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង បរិស្ថាន, ដីគរុភ័ណ្ឌ(ដីវត្ត), ដីសហគមន៍ជនជាតិដើមភាគតិច, ដីអង្គភាពរដ្ឋជុំវិញខេត្ត និងដីសម្បទានសេដ្ឋកិច្ច និងបន្តអោយចប់នៅឆ្នាំ២០២៥ ដើម្បីបញ្ចៀសការទន្ទ្រាន និង ជម្លោះដីធ្លីនាពេលអនាគត៕