ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:១៩:២១ ល្ងាច

អភិបាលខេត្តកណ្ដាល ផ្តាំផ្ញើដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ

អភិបាលខេត្តកណ្ដាល ផ្តាំផ្ញើដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យតេជោសែនកោះធំ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៤។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យតេជោសែនកោះធំ  ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នានឹងគ្នា បង្កើនសាមគ្គីភាពភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។

ឯកឧត្ដបន្តថាបុគ្គលិកសុខាភិបាល ក៏ដូចជាគ្រូពេទ្យ ត្រូវរក្សាទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងបង្កើនការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ចំពោះប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាព យកចិត្តទុកដាក់លើការថែទាំសុខភាពអ្នកជំងឺ ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត តាមរយៈអាកប្បកិរិយារួសរាយ ញញឹមរាក់ទាក់ បន្ថូភាពតាងតឹង ក្តីបារម្ភនៃអ្នកជំងឺ និងក្រុមគ្រួសារ បង្កើនទំនុកចិត្ត បង្កើតភាពរីករាយ និងគំនិតវិជ្ជមាន មានភាពស្មោះត្រង់ និងតម្លាភាព ចំពោះអ្នកជំងឺគ្រប់រូប។ ពិសេសជាងនេះទៀត សូមគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ ទទួលអ្នកជំងឺដែលមានប័ណ្ណ ប.ស.ស ដោយមិនមានការរើសអើងឡើយ ត្រូវទទួលពួកគាត់ដោយការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត។

ក្នុងពិធីនេះដែរ ឯកឧត្តម គួច ចំរើន ក៏បានណែនាំដល់ មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តទិសដៅការងារសំខាន់ៗនៅចំពោះមុខជាបន្តបន្ទាប់ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផែនការទិសដៅការងារដែលបានដាក់ចេញដោយរដ្ឋបាលខេត្តឱ្យបានល្អប្រសើរផងដែរ និងជុំរុញមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវត្រៀមខ្លួន រៀបចំឯកសារឱ្យបានគ្រប់គ្រាន់សម្រាប់ការប្រឡងប្រណាំងប្រកួតប្រជែង ក្នុងការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល  គំរូឆ្នាំ២០២៤ ផងដែរ។