ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:២១:០៩ ល្ងាច

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូតពិសេសសម្រាប់ការកសាងសន្តិភាពនៃរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូតពិសេសសម្រាប់ការកសាងសន្តិភាពនៃរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូតពិសេសសម្រាប់ការកសាងសន្តិភាពនៃរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានស្វាគមន៍ លោកស្រីសាស្ត្រាចារ្យ និងគណប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្តែងនូវក្តីរីករាយដែលលោកស្រីមិនភ្លេចកម្ពុជា ថ្វីត្បិតទស្សនកិច្ចរបស់លោកស្រីមានរយៈពេលខ្លីក៏ដោយ។ សម្តេច សង្ឃឹមថា លោកស្រីអាចនឹងមើលឃើញដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា ក្រោយសម្រេចបាននូវសុខសន្តិភាព  ដែលទាំងអស់នេះ បង្ហាញឱ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សព្វបែបយ៉ាងដែលជប៉ុនបានជួយកម្ពុជា។
លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកស្រីចូលជួបសម្តែងការគួរសមនេះ។ លោកស្រី បានរំលឹកពីជំនួបជាមួយសម្តេចកាលពីជាង២០ឆ្នាំមុន ដែលសម្តេចបានផ្តល់កិត្តិយសក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី «Voice of Asia to the West» ក្រោមការរៀបចំរបស់មូលនិធិសាសាកាវ៉ា។ លោកស្រីសាស្ត្រាចារ្យបានវាយតម្លៃខ្ពស់ និងអបអរសាទរ សម្ដេច ដែលបានដឹកនាំប្រទេស សម្រេចបានការអភិវឌ្ឍន៍យ៉ាងត្រចះត្រចង់ និងអបអរសាទរចំពោះភាពជោគជ័យដែលសម្ដេចបានបណ្ដុះបណ្ដាលបុត្រាបុត្រីសម្ដេច សម្រាប់បន្តវេន ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។ លោកស្រីបានគូសបញ្ជាក់ថា គោលបំណងចម្បងរបស់លោកស្រីចំពោះដំណើរទស្សនកិច្ចមកកាន់តំបន់នាពេលនេះគឺ ដើម្បីចូលរួមក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧កញ្ញា ហើយលោកស្រី នឹងថ្លែងបាឋកថាមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ សិក្ខាសាលានេះ មានគោលដៅជំរុញនិងលើកកម្ពស់របៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល (WDE)។ លោកស្រីបានលើកឡើងថា អគ្គលេខាធិការអាស៊ាន ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានសម្តែងនូវការគាំទ្រចំពោះគម្រោងនេះ និងការលើកទឹកចិត្តឱ្យជប៉ុនតែងតាំងប្រេសិតពិសេសសម្រាប់ការកសាងសន្តិភាពផងដែរ។ លោកស្រីបានបន្តថា មានការស្នើឱ្យធ្វើជាគម្រោងស្រាវជ្រាវផ្តោតលើករណីសិក្សារបស់ប្រទេសនីមួយៗទាំង១០ក្នុងអាស៊ាន ដែលផ្តើមចេញពីកម្ពុជា ឥណ្ឌូនេស៊ី និងហ្វីលីពីន បន្ទាប់មកនឹងមានការចូលរួមពីខាងសហរដ្ឋអាមេរិក ដោយសារតែសាកលវិទ្យាល័យ Georgetown មានកម្មវិធីសិក្សាអំពី ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ដ៏រឹងមាំមួយ។
លោកស្រីបានជម្រាបជូនសម្តេចតេជោផងដែរថា លោកស្រីបានពិភាក្សាជាមួយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ទាក់ទងទៅនឹងតួនាទីរបស់ស្ត្រី រួមចំណែកថែរក្សាសុខសន្តិភាពនៅក្នុងសង្គម។
លោកស្រីសាស្ត្រាចារ្យ បានកោតសរសើរសម្ដេចតេជោដែលបាន ប្រឹងប្រែងកន្លងមកក្នុងការជួយដល់មីយ៉ាន់ម៉ា ជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាពេលកន្លងទៅនោះ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះលោកស្រីសាស្ត្រាចារ្យលោកស្រីដែលបានរំលឹកអំពីអនុស្សាវរីយ៍ដែលសម្ដេចបានផ្ដល់បទសម្ភាសន៍ជាមួយលោកស្រីសាស្ត្រាចារ្យ កាលពីជាង២០ឆ្នាំកន្លងទៅ  ហើយការអញ្ជើញមកពេលនេះ លោកស្រី បានឃើញដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជាគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន បន្តមកដល់អាណត្តិថ្មីដែលជាអ្នកបន្តវេននេះ ខុសពី២០ឆ្នាំមុនពេលដែលប្រទេសយើងទើបចាកផុតពីសង្គ្រាម និងទើបតែចូលជាសមាជិកអាស៊ាន ហើយនៅពេលបច្ចុប្បន្ន អគ្គលេខាធិការអាស៊ាន ជាជនជាតិខ្មែរផងដែរ។
ពាក់ព័ន្ធនឹងការវិនិយោគលើស្ត្រី សម្តេចមានប្រសាសន៍ថា នៅក្នុងប្រទេសអាស៊ានទាំង១០ កម្ពុជាជាប់បានពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី។ ជាក់ស្តែង កម្ពុជាមានគោលនយោបាយជាតិគាំពារសង្គមដែលយកស្ត្រីជាមូលដ្ឋាន ជាពិសេសការយកចិត្តទុកដាក់ទៅលើស្ត្រីដែលមានផ្ទៃពោះ ដោយផ្តល់ការឧបត្ថម្ភចាប់តាំងពីមានផ្ទៃពោះរហូតដល់ពេលសម្រាលកូន ទាំងការពិនិត្យសុខភាពនៅមន្ទីរពេទ្យ រហូតដល់កុមារកើតមកអាយុ២ឆ្នាំ។ បច្ចុប្បន្ន ស្ត្រីដែលជាកម្មការិនី ក្នុងអំឡុងពេលសម្រាកមាតុភាព៣ខែ មានប្រាក់បៀវត្សចំនួន១២០% ដែលសម្តេចបានលើកឡើងថាប្រហែលជាប្រទេសដទៃមិនទាន់មានគោលការណ៍នេះនៅឡើយទេ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងតែខិតខំប្រឹងប្រែងដើម្បីអនុវត្តដូចគ្នានេះដែរ ចំពោះមន្ត្រីរាជការ។ សម្តេចតេជោ បានបន្តថា សម្ដេចក៏បានណែនាំឱ្យក្រសួងកិច្ចការនារី និងក្រសួងអប់រំ យកចិត្តទុកដាក់ក្នុងការជំរុញឱ្យស្ត្រី ទទួលបានការសិក្សាខ្ពស់ ដោយបច្ចុប្បន្ននេះ ចាប់ពីថ្នាក់បឋមដល់មធ្យមសិក្សាចំនួនស្ត្រីមានច្រើន
ប៉ុន្តែចំនួននេះបានថយចុះនៅពេលដែលចូលដល់កម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត ដោយសារកត្តាប្រពៃណីសង្គម។
សម្តេចបានជម្រាបថា ក្នុងនាមជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចបានបន្តរួមចំណែកនិងធ្វើការរួមគ្នាដើម្បីស្ត្រីតាមរយៈការទម្លាក់ថវិកាផ្ទាល់ ការបង្កើតក្រុមមេធាវី ការស្វះស្វែងផ្តល់ឱកាសដល់ស្ត្រីជាពិសេសគឺការដាក់ចេញនូវកូតាចំនួនស្ត្រីក្នុងគណៈអភិបាលខេត្ត-ស្រុក និងក្នុងជួរថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននានា។ តួយ៉ាង យើងមានស្ត្រីជាប្រធានសភាដំបូងក្នុងប្រវត្តិសាស្ត្រ និងរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀតជាស្ត្រី។ សម្តេចមានប្រសាសន៍ថា កម្ពុជាជាប្រទេសមាតាធិបតេយ្យ ដូចនេះត្រូវវិនិយោគលើស្ត្រីបន្ថែមទៀត ដែលសម្តេចមានពាក្យស្លោកមួយថា «ជួយស្ត្រី គឺជួយខ្លួនឯង» ហើយអ្វីដែលត្រូវយកចិត្តទុកដាក់បន្តគឺស្ត្រីត្រូវជួយស្ត្រីគ្នាឯង។ សម្តេចបានជម្រាបជូនលោកស្រីសាស្ត្រាចារ្យថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងអាស៊ាន ចំពោះចំនួននៃការបញ្ជូនកងទ័ពស្ត្រីនៅក្នុងប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។
សម្ដេចតេជោ និងលោកស្រីសាស្ត្រាចារ្យក៏បានពិភាក្សាគ្នាផងដែរលើការជួយដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា។ សម្តេចតេជោ បានផ្តាំផ្ញើការសួរសុខទុក្ខចំពោះឯកឧត្តម Sasakawa ប្រេសិតពិសេសរបស់ជប៉ុនសម្រាប់ការកសាងសន្តិភាពនៅមីយ៉ាន់ម៉ា។ សម្ដេចតេជោ បានសម្ដែងនូវក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ាន និងជប៉ុន អាចសហការរួមគ្នា ដើម្បីជួយនាំមីយ៉ាន់ម៉ាមករកភាពល្អប្រសើរឡើងវិញ។ សម្តចតេជោក៏បានស្នើឱ្យជប៉ុនពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយលើផ្លូវមនុស្សធម៌ដល់មីយ៉ាន់ម៉ា ចំពោះគ្រោះមហន្តរាយនាពេលថ្មីៗនេះ។
សម្ដេចតេជោ ក៏បានជម្រាបពីការងារអាទិភាពរបស់ព្រឹទ្ធសភារួមមាន ការធ្វើបច្ចុប្បន្នភាពនិងគយនេយ្យភាពរបស់អង្គបោះឆ្នោត និងការរួមចំណែកលើកិច្ចការបរទេសតាមរយៈការទូតសភា។
ជាចុងក្រោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានជូនពរលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko សូមឱ្យមានជោគជ័យក្នុងដំណើរទស្សនកិច្ចនាពេលនេះ និងសូមអញ្ជើញមកកម្ពុជាជាថ្មីម្តងទៀតនៅពេលខាងមុខ៕