ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:១១:៥៧ ល្ងាច

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្ត ត្រីមាសទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្ត ត្រីមាសទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល

ខេត្តកណ្ដាល៖ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាលទាំងអស់ ក្នុងរយៈពេល ៣ត្រីមាស ឆ្នាំ២០២៤ ដែលបានយកចិត្តទុកដាក់ និងខិតខំអនុវត្តនូវរាល់សកម្មភាពការងារដែលបានគ្រោងទុក និងការងារបន្ទាន់មួយចំនួន ដែលថ្នាក់ដឹកនាំប្រគល់ជូនមន្ទីរ ក្នុងគោលបំណង ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរបស់ប្រជាជននៅជនបទឱ្យមានភាពល្អប្រសើរ ប្រកបដោយបរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តទី៧ នេះ។ 

លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងនូវការកោតសរសើរបែបនេះក្នុងឱកាសដែលលោកជំទាវ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្ត ត្រីមាសទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល។ 

លោកជំទាវ រដ្ឋលេខាធិការ បន្តថា៖ មន្ទីរមានតួនាទី ជាសេនាធិការជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តកណ្ដាល ហើយមន្ទីរពិតជាបាននឹងកំពុងអនុវត្តយ៉ាងសកម្មលើកិច្ចការក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុមរមនា និងស៊ីវិល័យ”។ 

លោកជំទាវ បន្ថែមថា៖ ការខិតខំប្រឹង និងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ៣ត្រីមាស ឆ្នាំ២០២៤ កន្លងមក សម្រេចបាន សមិទ្ធផលជាច្រើនគួរជាទីមោទកភាពក្រៃលែង ពិសេសមន្ទីរបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារថ្នាក់ជាតិ ចុះផ្ទៀងផ្ទាត់ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)នៅក្នុងខេត្តកណ្ដាល ហើយបើផ្នែកលើសេចក្តីសន្និដ្ឋាន និងការវិភាគទិន្នន័យរបាយការណ៍របស់ទីប្រឹក្សាបច្ចេកទេសឯករាជ ក្នុងកិច្ចប្រជុំស្តីពីការឆ្លុះបញ្ចាំងការងារ ចុះផ្ទៀងផ្ទាត់ជាក់ស្តែងរបស់ក្រុមការងារថ្នាក់ជាតិចាប់ពីថ្ងៃទី០២ ដល់ ០៥ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងច្បាស់ថា ខេត្តកណ្តាល ក្លាយជាខេត្តទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាស វាលពាសកាលកម្រិតខ្ពស់ (ODF+)។ 

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងថា៖ ក្នុងរយៈពេល ៣ត្រីមាស ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានថែទាំផ្លូវប្រចាំចំនួន ២២ខ្សែ ប្រវែងសរុប ១១០គីឡូម៉ែត្រ, ថែទាំផ្លូវខួប ចំនួន ៣ខ្សែ ប្រវែង ១៣.៥០គីឡូម៉ែត្រ, កែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទធន់នឹងការប្រែប្រួលអាកាសធាតុ (EDCF) ចំនួន ៤ខ្សែ ប្រវែង សរុប ២០.៤០គីឡូម៉ែត្រ, កែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទជំហានទី៣(ADB RRIP3) ចំនួន ១១ខ្សែ ប្រវែង ៦១.២៨គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាលកៅស៊ូពីរជាន់ (DBST), គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទីផ្សារកសិករ និងពាណិជួបនីយកម្មកសិកម្ម (SAAMBAT) ចំនួន ២ខ្សែ ប្រវែងសរុប ១១.២២គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ក្រាលកៅស៊ូពីរជាន់ (DBST) និងបានសាងសង់អណ្តូងធន់នឹងការប្រែប្រួលអាកាសធាតុចំនួន ២៧អណ្តូង នៅក្នុងស្រុកគោលដៅ។