ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៧:៥៧:៤០ ល្ងាច

ឯកឧត្តម ញ៉ែម សំអឿន៖ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ

ឯកឧត្តម ញ៉ែម សំអឿន៖ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ

ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ភូមិកាម្មាំង ភូមិស៊ូ និងភូមិញល ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ។

ហើយផ្អែកតាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការ ដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់ ត្រឹមឆ្នាំ២០២៥ ក្រោមពាក្យស្លោក “ចុះបញ្ជីបញ្ចប់ ចែកប័ណ្ណ បរិយាកាសគ្មានវិវាទ"។  

ឯកឧត្តម អភិបាលខេត្តបានសម្តែងនូវការអបអរសាទរ ចំពោះពុកម៉ែបងប្អូនដែលជាម្ចាស់ដី ដែល កន្លងមកបានចូលរួមគ្រប់នីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាមួយក្រុមការងារបច្ចេកទេសរបស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រហូតឈានដល់ដំណាក់កាលនៃការចែកប័ណ្ណ ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដំបូង ហើយពិតជាផ្តល់នូវសារសំខាន់ណាស់សម្រាប់ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងគោលដៅធានានូវភាពស្របច្បាប់នៃការកាន់កាប់ ភាពច្បាស់លាស់នៃ ការកាន់កាប់ កាត់បន្ថយទំនាស់ដីធ្លី កាត់បន្ថយភាពក្រីក្រ ការប្រើប្រាស់ និងចាត់ចែងផ្សេងទៀតតាមដែល អាចធ្វើបាន។