ថ្ងៃសៅរិ៍ ២២-កុម្ភៈ-២០២៥ ១២:៣០:៣០ ល្ងាច

ឯកឧត្ដមអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលឈរជើងលើជួរភ្នំដងរែក និងត្រួតពិនិត្យសមិទ្ធផល តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ប្រាសាទតាមាន់

ឯកឧត្ដមអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលឈរជើងលើជួរភ្នំដងរែក និងត្រួតពិនិត្យសមិទ្ធផល តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ប្រាសាទតាមាន់

ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធចុះសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខ និងត្រួតពិនិត្យសមិទ្ធផលតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ឯកឧត្ដម មាន ចាន់យ៉ាដា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើង ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមក៏បានសម្តែងនូវការកោតសរសើរ និងដឹងគុណដល់បងប្អូនកងទ័ព នាយទាហាន ពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ហ៊ានពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាការចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងព្រំដែន និងបានយកចិត្តទុកដាក់ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងខ្លាំង ដើម្បីធានាដល់ការទទួលខុសត្រូវលើការងារទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។

បន្ទាប់ពីបានសំណេះសំណាលជាមួយកងកម្លាំងកងពលតូចថ្មើរជើងលេខ៤២ នៃយោធភូមិភាគទី៤រួចមក ឯកឧត្តមក៏បានអញ្ជើញចុះត្រួតពិនិត្យមើលនូវសមិទ្ធផលនានា ជាពិសេសអាងស្តុបទឹកមួយកន្លែងដែលបានសាងសង់រួចរាល់ សម្រាប់ឲ្យកងកម្លាំង និងប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់។

ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្ត ក៏បានប្រគល់អំណោយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជាគ្រឿងឧបភោគបរិភោគដល់កងកម្លាំងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដោយកងពលតូចលេខ៤២ ទទួលបានទឹកសុទ្ធ៧៥កេះ ត្រីខ៣០កេះ មី៣០កេះ ទឹកត្រី២០កេះ ទឹកស៊ីអ៊ីវ២០កេះ និងកងកម្លាំងនគរបាលវរការពារព្រំដែនគោគលេខ៧០២ ទទួលបានទឹកសុទ្ធ៥៥កេះ ត្រីខ២០កេះ មី៤៥កេះ ទឹកត្រី២០កេះ និងទឹកស៊ីអ៊ីវ២០កេះផងដែរ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយដែលឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងតាមបណ្ដោយព្រំដែននោះទេ កន្លងមកឯកឧត្ដមតែងតែចុះជួបជាញឹកញាប់ជាមួយកងកម្លាំងជាប់ជានិច្ច ដើម្បីជាការផ្សាភ្ជាប់នូវក្ដីនឹករលឹក និងគាំទ្ររវាងសមរភូមិមុខជាមួយសមរភូមិក្រោយ។