អគាររដ្ឋបាលស្រុកតាវែង ខេត្តរតនគិរី ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ
ឯកឧត្តម ញ៉ែម សំអឿន៖ អគាររដ្ឋបាលសាលាស្រុកតាវែង ដែលទើបនឹងសាងសង់ថ្មីគឺជានិមិត្តរូប នៃវឌ្ឍនភាព ការលះបង់ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត ក្រោមមាគ៌ានយោបាយប្រកបដោយភាពមុះមុតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ការថ្លែងរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីយ៉ាងដូច្នេះធ្វើឡើងនៅក្នុងឱកាសឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលស្រុកតាវែង កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាលខេត្តបន្តថា អគារ ដែលមានភាពស្រស់ស្អាត រឹងមាំនេះ ជាសក្ខីភាពមួយចំពោះការ ប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច និងការផ្តល់អនាគតដ៏ល្អប្រសើរ ក្នុងលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកតាវែង ស្របតាម ស្នូលយុទ្ធសាស្ត្របញ្ចកោណគឺ ផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំងវៃឆ្លាត និងស្អាតស្អំ ដែលជាមូលដ្ឋានគ្រឹះធានាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយ ចីរភាពលើគ្រប់វិស័យ។
ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានសម្តែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទី និងភារកិច្ច របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុង ស្រុកតាវែងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់។ ទន្ទឹមគ្នានេះ អាជ្ញាធ រមូលដ្ឋានចាប់តាំងពីថ្នាក់ស្រុក ដល់ឃុំ ភូមិ និងប្រជាពលរដ្ឋគ្រប់រូបក្នុងស្រុកតាវែង បានរួម ចំណែកក្នុងការធានានូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន តាមរយៈការចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រកបដោយសុវត្ថិភាព និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។ដោយផ្អែកលើផ្លែផ្កានេះ ក្នុងឆ្នាំ២០២៥ រដ្ឋបាលខេត្តនឹងបន្តការសាងសង់អគារការិយាល័យ ច្រកចេញចូលតែមួយបន្ថែមទៀតជូនរដ្ឋបាលស្រុកតាវែង ដើម្បីសម្រួលដល់ដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់ តែមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ។
ឯកឧត្តម អភិបាលខេត្ត ក៏បានដាស់តឿនក្រើនរំលឹកដល់ អាជ្ញាធរ ស្រុកតាវែង ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ និង តស៊ូប្រឆាំងដាច់ខាតរាល់សកម្មភាពពីខាងក្រៅដែលប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងបង្កអស្ថិរភាពក្នុងសង្គម ក្នុងចេតនាបំផ្លាញសន្តិភាព ស្ថិរភាពសង្គម និងបង្អាក់ ដំណើរការនៃការរីកចម្រើនលូតលាស់របស់ស្រុក និងប្រទេសជាតិយើង។ ត្រូវខិតខំស្រាវជ្រាវ និងបង្ការ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវ រាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឱ្យមានអំពើ ហិង្សា ការប្រឆាំង នឹងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់ យ៉ាងធ្ងន់ធរដល់សង្គមជាតិ ទាំងសេដ្ឋកិច្ច សង្គម ទេសចរណ៍ ការវិនិយោគ និងជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
សូមបញ្ជាក់ថា បើតាមការលើឡើង របស់លោក ស៊ូ វណ្ណធិន អភិបាលស្រុកតាវែង អគារ រដ្ឋបាលសាលាស្រុកតាវែងសាងសង់ នៅលើផ្ទៃដីទំហំ ៥៩២៦ម៉ែត្រការ៉េ ជាអតីជាដីគណបក្សប្រជាជនកម្ពុជាដោះដូរជាមួយដីរដ្ឋបាលស្រុក ជាដីទីទួលសុវត្ថិភាពមិនលិចទឹក ស្ថិតនៅភូមិទំពួនរឹងធំ ឃុំតាវែងក្រោម ស្រុកតាវែង ជាប់ផ្លូវជាតិ ៧៨-៥។ អគារនេះបាន ក្រុងពាលីចាប់ផ្តើមបើករដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមវត្តមានឯកឧត្តម ថង សាវុន អតីតអភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងបានបន្តជម្រុញសាងសង់អគារបញ្ចប់រួចរាល់ជាស្ថាពរ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរនគិរី ដែលមានកម្ពស់ ៣ជាន់បូករួមនឹងជាន់ផ្ទាល់ដី ។ ជាប្រភេទសំណង់ សាងសង់អំពីឥដ្ឋ បេតុង ដំបូលប្រកគ្រឿងរចនាបថខ្មែរ ដោយសំណង់នេះយកគំរូតាមប្លង់របស់ក្រសួងមហាផ្ទៃ មាន ទទឹង ១០ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ ស្មើនឹង ៣០០ម៉ែត្រការ៉េ មាន ២០បន្ទប់ បំពាក់ដោយម៉ាស៊ីនត្រជាក់១ សេស ចំនួន ២២គ្រឿង មានបណ្តាញចរន្តអគ្គិសនី និងភ្លើងបំភ្លឺគ្រប់បន្ទប់ និងបន្ទប់ទឹកចំនួន ៦បន្ទប់ បំពាក់ដោយ ឡាបូលាងដៃ កង្ហាបឺតខ្យល់ និងបង្គន់សម្រាប់បុរស និងស្ត្រី ជាថវិការបស់រដ្ឋបាលខេត្តរតនគិរី ។
ក្រោយពីសាងសង់រួចរដ្ឋបាលស្រុកបានភ្ជាប់ចរន្តអគ្គីសនីដែលមានកម្លាំង ៣ហ្វា ៦៣អំព័រ តភ្ជាប់ វាយហ្វាយចំនួន ៣គណនីទៅនឹង មាន របស់គណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុក ដោយបំពាក់វាំងនន និងសម្ភារៈតុទូកៅអី ព្រមទាំង កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រផងដែរ។ ចំណែកនៅបរិវេណសាលាស្រុកបានឈូសឆាយសម្អាតម្រៀបជី រៀបចំដងទង់ជាតិ ចាក់ផ្លូវបេតុងអាមេផ្លូវចូល ធ្វើរបងពន្ធ័ និងរៀបចំសួនច្បារលម្អ ។ ជាមួយគ្នានេះដែរបានសាងសង់អាគារ ចំនួន១ខ្នង ដែលមានទទឹង ១០ ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ ស្មើនឹង ២០០ ម៉ែត្រការ៉េ មាន ៣បន្ទប់ ក្នុងនោះសាលប្រជុំធំ ចំនួន ១បន្ទប់ បន្ទប់ដាក់សម្ភារៈ ១បន្ទប់ និងបន្ទប់បំពេញការងារមន្ត្រីចំនួន ១បន្ទប់ និងមានបន្ទប់ទឹកបុរសស្ត្រី ស្មើ នឹង ២បន្ទប់៕