ថ្ងៃអាទិត្យ ០២-កុម្ភៈ-២០២៥ ០២:៥៧:៣១ ល្ងាច

រយៈពេល៣ថ្ងៃខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរមកកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២៥ ចំនួន ៨,៤៩៥នាក់ មានការកើនឡើង ២.៥៦%

រយៈពេល៣ថ្ងៃខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរមកកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២៥ ចំនួន ៨,៤៩៥នាក់ មានការកើនឡើង ២.៥៦%

នេះបើរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី ដែលបានបង្ហាញអោយដឹងនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំនួន ៨,៤៩៥នាក់នេះ មានភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៥៦នាក់  មានការកើនឡើង  ១៧.២៩%។ ភ្ញៀវទេសចរជាតិ ៨,៣៣៩នាក់ មានការកើនឡើង២.៣២%។សរុបភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មានចំនួន ៨,៤៩៥នាក់ មានការកើនឡើង ២.៥៦%។

 

ចំពោះសេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនភ្ញៀវពុំមានការតម្លើងថ្លៃគួរអោយកត់សំគាល់ឡើយ។ ហើយសោភ័ណ្ឌភាពទីប្រជុំជន និងទីក្រុង និងតាមបណ្តាស្រុកនានាក្រោមការដឹកនាំពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈខេត្ត មានការរៀបចំភ្លើងបំភ្លឺតាមទីសាធារណៈ តាមបណ្តាអង្គភាពរបស់រដ្ឋ និងវិស័យឯកជន ដើម្បីលើកស្ទួយ សោភ័ណភាពទីក្រុង ក្នុងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកទស្សនាខេត្តរតនគិរីបានយ៉ាងល្អ។

 

សូមបញ្ជាក់ផងដែរថា៖ ក្នុងរយៈពេលពេល៣ថ្ងៃ(២៩-៣១)ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២៥ ប្រជាពលរដ្ឋភាគច្រើន ក្នុងខេត្តរតនគិរី មានការជួបជុំគ្នា ជប់លៀងនៅតាមគេហដ្ឋាន ទីកន្លែងកំសាន្តនានា និងច្រៀងខារ៉ាអូខេកំសាន្តសប្បាយជាលក្ខណៈគ្រួសារផងដែរ។ ដោយឡែកនៅតាមតំបន់រណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត មានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើរ ក្រោយពីបានការណែនាំរបស់ក្រុមកាងារមន្ទីរទេសចរណ៍ខេត្ត៕