ថ្ងៃព្រហស្បតិ៍ ២៣-ឧសភា-២០២៤ ០១:២៨:១០ ព្រឹក

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។ 

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ច រហូត សម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានចូលរួមផ្តល់កិច្ចសហការជិតស្និទ្ធយ៉ាងប្រ ទាក់ក្រឡាគ្នាជាមួយ មន្ទីរ-អង្គភាពពាក់ព័ន្ធ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានល្អប្រសើរ។ 

ឯកឧត្ដមរដ្ឋមន្ត្រី បន្តថា៖ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្ត្រ ចម្បងពីរ គឺ៖ ទី១).ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន, និងពូនជ្រំចលនានៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម; និង ទី២). កសាង និងពង្រឹង មូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ, ដោយឆ្លងកាត់បង្គោលចរនៃការប្រែខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០, តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យ ទាំង ៥ រួមមាន៖ វិស័យ សាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្ស និង សង្គម, និង វិស័ យបរិស្ថាន និង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។ 

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវយកចិត្តទុកដាក់ ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ច នូវបាវចនា២ និង អភិក្រម៥ ដែលបានដាក់ចេញដោយ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រី បន្តអនុវត្តគឺ៖ បាវចនា ២ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និង អភិក្រម ៥ គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ »។ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ ថែទាំ ជួសជុលផ្លូវជាប្រចាំ ទាំងផ្លូវខេត្ត ទាំងផ្លូវជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្តយកចិត្តទុកដាក់ដោះស្រាយ និងរកវិធីសាស្ត្រក្នុងការរំដោះផ្លូវទឹក ចៀសវាង ការជនលិចផ្លូវ និងផ្ទះរបស់ប្រជាពលរដ្ឋ ពិសេសនៅក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើន។ ត្រូវពង្រឹងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ជាហេតុបណ្តាឱ្យផ្លូវឆាប់ខូច ជាពិសេសត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុត ចំពោះម្ចាស់រថយន្តណាដែលល្មើសនឹងច្បាប់។ បន្តការអប់រំ និងផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី សិស្សានុសិស្ស ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អ ក្នុងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ថ្នាក់ ត្រូវចេះគោរព ស្រលាញ់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាព ការងារ គោរពច្បាប់ គោលការណ៍ លិខិតបទដ្ឋានគតិយុត្ត ពង្រឹងរបៀបរបបធ្វើការងារ ដើម្បី លើកកម្ពស់ការទទួលខុសត្រូវ និងភាពម្ចាស់ការ តាមតួនាទី ភារកិច្ចរបស់ខ្លួន ។